ទូកប្រពៃណីចេញទៅ ប្រកួតជើងឯកអាស៊ី នៅប្រទេសថៃ
ភ្នំពេញ៖ថ្ងៃទី១៦វិច្ឆិកា២០២២ម្សិលម៉ិញនេះអត្តពលិកកីឡាទូកប្រពៃណីទូកនាគនិងប្រតិភូសរុប៣៥នាក់បានចេញទៅចូលរួមប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគជើងឯកអាស៊ី លើកទី១៤ ឆ្នាំ២០២២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
គ្រូជំនួយកីឡាទូកប្រពៃណីជម្រើសជាតិកម្ពុជា លោក គង់ សុភាព បានឲ្យដឹងថា គោលបំណងទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិនេះគឺដើម្បីពិនិត្យលើសិទ្ធផលរបស់អត្ត
ពលិកទូកជម្រើសជាតិបន្ទាប់ពីពួកគាត់បានហ្វឹកហាត់ជាមួយគ្រូអន្តរជាតិ។ជាពិសេសគឺដកស្រង់បទពិសោធន៍ និងបច្ចេកទេស ត្រៀមកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
លោកគ្រូជំនួយរូបនេះ បន្តថា ក្រោយទទួលបានការបង្ហាត់ពីគ្រូបរទេស លោក Naing Naing Htooមកពីប្រទេសមីយ៉ាន់ម៉ាដែលផ្តល់ជូនដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣(Camsoc)សង្កេតឃើញសិទ្ធផលនិងបច្ចេកទេសមានការកើនឡើងគួរឲ្យកត់សំគាល់តាមរយៈការធ្វើតេស្តសមត្ថភាពប្រចាំខែទាំងកម្លាំងនិងបច្ចេក
ទេសជាពិសេសគឺអត្តពលិកវ័យក្មេង។
ការចូលរួមកាប្រកួតកម្រិតអាស៊ីគឺជាការវាស់ស្ទង់និងដុសខាត់សមត្ថភាពក្រុមជម្រើសជាតិជាមួយអត្តពលិកក្នុងតំបន់អាស៊ានក៏ដូចជាអាស៊ីដើម្បីពិនិត្យមើលពីចំនុចខ្វះខាតយកមកកែលម្អក្នុងការត្រៀមខ្លួនឲ្យល្អប្រជែងមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ នៅលើទឹកដីកម្ពុជា។
លោកគង់សុភាពបានរៀបរាប់និងបញ្ជាក់ថាការប្រកួតនេះប្រទេសដែលខ្លាំងយើងមិនអាចមើលរំលងមានដូចជាថៃឥណ្ឌូនេស៊ីនិងមីយ៉ាន់ម៉ាក្នុងតំបន់អាស៊ាន។ចំពោះប្រទេសមកពីតំបន់អាស៊ីគឺចិន និងតៃវ៉ាន់ជាដើម ដែលយើងគិតថា ជាប្រទេសពិបាកនឹងប្រជែងមេដាយ។
ចំពោះគ្រូបង្វឹកដែលជាជនជាតិមីយ៉ាន់ម៉ាគឺលោកNaing Naing Htooបានលើកឡើង
ថាការប្រកួតនេះមានសារសំខាន់សម្រាប់អត្តពលិកកីឡាទូកកម្ពុជាបើប្រៀបធៀបសិទ្ធផលឲ្យល្អប្រសើរច្រើនជាងឆ្នាំមុនៗប៉ុន្តែអ្វីដែលសំខាន់គឺមានអត្តពលិកវ័យក្មេងច្រើនដូច្នេះសហព័ន្ធត្រូវពង្រឹងសមត្ថភាព និងបង្កើនបច្ចេកទេស បទពិសោធន៍បន្ថែម ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។
ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ជើងឯកអាស៊ីលើកទី១៤ឆ្នាំ២០២២ ធ្វើនៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដោយមាន១២ប្រទេសចូលរួម គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២២៕