ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់វគ្គបណ្ដុះបណ្ដាលមន្រ្តីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រមវូស៊ូ

83

ភ្នំពេញ៖បន្ទាប់ពីដំណើការរយៈពេល៩ថ្ងៃមកនោះវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រមកីឡាវូស៊ូបានបញ្ចប់ជាស្ថាពរហើយ។
វគ្គនេះរៀបចំដោយសហព័ន្ធកីឡាវូស៊ូ ដើម្បីពន្លឿនធនធានមនុស្សលើផ្នែកបច្ចេកទេស មន្រ្តីសហព័ន្ធ ពីកម្រិតជាតិ ឈានដល់កម្រិតអន្តរជាតិ ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។
លោកម៉ៅចន្ថាវុធអគ្គលេខាធិការសហព័ន្ធកីឡាបានបញ្ជាក់ថាវគ្គសិក្សាមានរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី១០ដល់ទី១៨ខែវិច្ឆិកាដោយអនុវត្តតាមកិច្ចព្រមព្រៀងស្ដីពីការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២២សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ។
លោកអគ្គលេខាធិការបន្តថាសិក្ខាកាមមានចំនួន៣៦នាក់បានសិក្សាផ្ដោតសំខាន់លើ
បច្ចេកទេសវិញ្ញាសាថាវលូ (សម្ដែង) និងវិញ្ញាសាសាន់ដា (ប្រយុទ្ធ) ឲ្យកើនឡើងទាំងបរិមាណ និងគុណភាព ពីកម្រិតមូលដ្ឋានមកជាកម្រិតជាតិ និងឈានទៅកម្រិតអន្តរជាតិថែមទៀត ក្នុងការបង្កើនសមត្ថភាពត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិពិសេសស៊ីហ្គេមជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយ។
លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានស្នើអោយសិក្ខាកាម ដែលទើបតែបញ្ចប់វគ្គបណ្តុះបណ្តាលនេះសូមយកចំណេះដឹងនេះទៅចែករំលែកនិងសិក្សា
បន្ថែមបន្តឈានទៅវគ្គបណ្ដុះបណ្ដាលកម្រិតអន្តរជាតិដើម្បីអោយក្លាយជាធនធានអាជ្ញា
កណ្តាល ចៅក្រមអន្តរជាតិ សម្រាប់កម្ពុជា។

លោកអនុប្រធានបន្តថាឆ្នាំ២០២៣ខាងមុខនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមដូច្នេះសហព័ន្ធកីឡាជាតិទាំងអស់មានភារកិច្ចចំពោះមុខចំនួន២គឺទី១ការបណ្ដុះបណ្ដាលកីឡាករកីឡាការិនីអោយមានសក្តានុពលត្រៀមប្រជែងមេដាយជូនជាតិ។ទី២សហ
ព័ន្ធកីឡាជាតិត្រូវដើរតួនាទីជាម្ចាស់ក្នុងការរៀបចំការប្រកួតរៀបចំអាជ្ញាកណ្តាល ចៅក្រម ចូលរួមកាត់សេចក្តី។
ហេតនេះសិក្ខាកាមទាំងអស់ គឺជាធនធានសម្រាប់បំពេញបន្ថែម ការប្រកួតទាំងជាតិ និងអន្តរជាតិជាពិសេសព្រឹត្តិការណ៍ជាតិលើកទី៣ខាងមុខនេះគឺជាឱកាសវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសជាក់ស្តែងនៅលើទីលានផ្ទាល់ដើម្បីធានាបាននូវធនធានប្រកបដោយសក្តានុ
ពល ត្រៀមចូលរួមរៀបចំ កាត់សេចក្តី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៣។
លោកប៉ែនវុទ្ធីក៏ជំរុញអោយសិក្ខាកាមទាំងអស់ដែលមានភារកិច្ចជាមន្រ្តីចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ សូមប្រកាន់ភ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងចេះជួយគ្នាទៅវិញទៅមក ជាធ្លុងមួយ បង្ហាញពីសាមគ្គីភាព តម្លាភាព សុក្រឹត និងយុត្តិធម៌ ដើម្បីឈានទៅជោគជ័យ នាពេលខាងមុខនេះពីព្រោះវូស៊ូក៏ជាប្រភេទកីឡាមួយដាក់អោយប្រកួតប្រជែងនៅក្នុងព្រឹត្តិ
ការណ៍កីឡាជាតិ លើកទី៣ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ផងដែរ។

វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីបច្ចេកទេសកីឡាវូស៊ូ ឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាវូស៊ូ រយៈពេល៩ថ្ងៃ និងមានសិក្ខាកាមចូលរួមសរុប ៣៦នាក់ និងគ្រូឧទ្ទេស ៨នាក់៕

អត្ថបទដែលជាប់ទាក់ទង