សហព័ន្ធកីឡាគុនដាវ ពង្រឹងសមត្ថភាព រង់ចាំការមកដល់នៃព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ៖មេដាយមាសមួយគ្រឿងដែលសហព័ន្ធគុនដាវកម្ពុជាបានកំណត់គោលដៅរួចរាល់ គឺធ្វើយ៉ាងណាប្រជែងយកយក ឲ្យបាន សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ប៉ុន្តែបើគិតមកដល់បច្ចុប្បន្ន សហព័ន្ធមួយនេះសម្លឹងឃើញថា កង្វះបទពិសោធន៍ ជាចំណុច ដែលត្រូវសិក្សា និងស្វែងរកការប្រកួតក្រៅស្រុកឲ្យបានច្រើន ដើម្បីបណ្ដុះស្មារតីដល់កីឡាករ-កីឡាការិនី មុនពេលព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ មកដល់។
លោក សាន់ សុខសីហា គ្រូបង្វឹកគុនដាវ និងជាមន្ត្រីអាជ្ញាកណ្ដាលអន្តរជាតិ បានរៀបរាប់ថា បច្ចុប្បន្នកីឡាករ-កីឡាការិនីជម្រើសជាតិគុនដាវកម្ពុជាមានចំនួន២៤រូប ដែលបានប្រមូលផ្ដុំហ្វឹកហាត់តាំងពីចប់ស៊ីហ្គេមនៅវៀតណាមរហូតមកដល់ពេលនេះគឺមិនដែលសម្រាកឡើយ។
បច្ចុប្បន្នកីឡាករ កីឡាការិនីព្រមទាំងគ្រូបង្វឹកចំនួន៥នាក់បាននិងកំពុងតែដុតដៃដុត
ជើងហ្វឹកហាត់ ព្រមទាំងសិក្សាស្វែងរកចំណុចខ្វះខាត យកមកកែប្រែ ដើម្បីធ្វើយ៉ាងណា សម្រេចឲ្យបានតាមគោលដៅដែលបានកំណត់ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។
លោកបានរៀបរាប់ពីចំណុចខ្វះខាតដែលសហព័ន្ធមើលឃើញនិងក៏កំពុងតែស្វែងរកដំណោះស្រាយថា «ខ្ញុំមើលឃើញថា បច្ចេកទេស និងកម្លាំងយើង មានគ្រប់គ្រាន់ ហើយខ្ញុំរំពឹងថារហូតដល់ឆ្នាំ២០២៣ចំណុចទាំងនេះវានឹងកាន់តែល្អប្រសើរជាងនេះបន្ថែម
ទៀត។ ទន្ទឹមនឹងនេះ ខ្ញុំមើលឃើញចំណុចមួយ គឺបទពិសោធន៍នៃការប្រកួតរបស់កីឡាករ គឺស្ថិតក្នុងចំណុចដែលបារម្ភជារួមគឺបច្ចេកទេសនិងកម្លាំងកន្លងមកល្អហើយតែពេលឡើងវាយលើឆាកអន្តរជាតិហាក់ដូចមិនល្អដូចពេលហ្វឹកហាត់ចំណុចនេះខ្ញុំអាចវាយតម្លៃបានថាត្រូវការការចេញទៅប្រកួតនៅក្រៅស្រុកបន្ថែម គឺជាដំណោះស្រាយដ៏ធំបំផុតដែលយើងអាចធ្វើបាន។ ខ្ញុំសង្កេតឃើញថា នៅដើមឆ្នាំ២០២៣ មានការប្រកួតច្រើនព្រឹត្តិការណ៍ ហើយវាពិតណាស់ ខ្ញុំនឹងបញ្ជូនអត្តពលិករបស់ខ្ញុំទៅចូលរួម ដើម្បីពង្រឹងបទពិសោធន៍ឲ្យបានគ្រប់គ្រាន់»។
គ្រូបង្វឹកដដែលបន្ថែមថាបច្ចុប្បន្នសហព័ន្ធសម្រួចទៅលើ៣វិញ្ញាសាធំៗក្នុងចំណោម
វិញ្ញាសានៃការប្រកួតសរុបចំនួន១២ដែលវិញ្ញាសាទាំងបីនេះសហព័ន្ធបានដាក់ក្ដីរំពឹងថានឹង
អាចយកមេដាយជូនជាតិបានសម្រាប់ស៊ីហ្គេម ២០២៣ គឺទី១វិញ្ញាសានារីឯកត្តជនដាវកាប់,វិញ្ញាសាទី២គឺឯកត្តជនបុរសដាវធំនិងវិញ្ញាសាទី៣ឯកត្តជនបុរសដាវតូច។
សម្រាប់ចិត្តរបស់កីឡាករ កីឡាការិនីទាំងអស់គឺមានមហិច្ឆតារខ្ពស់មែនទែនព្រោះ
លោកសម្គាល់ឃើញថារាល់ពេលគ្រូដាក់លំហាត់ឲ្យធ្វើគឺសិស្សទាំងអស់តែងតែបង្ហាញឲ្យ
លើសអ្វីដែលគ្រូបានដាក់ជាក់ស្ដែងដូចជាការកំណត់៥គីឡូម៉ែត្រតែសិស្សទាំងអស់តែងនាំគ្នារត់ដល់ ៧ ទៅ ៨ គីឡូម៉ែត្រឯណោះ៕