ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងលោក វឿង ឌិញហ្វេ គូសរំលេច កិច្ចសហប្រតិបត្តិការល្អលើការធ្វើពាណិជ្ជកម្ម និងវិនិយោគ

41

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម សុទ្ធតែបានបង្ហាញពីការមើលឃើញនូវភាព ចាំបាច់ដូចក្នុងការជំរុញឱ្យកាន់តែល្អប្រសើរលើការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា កិច្ចសហប្រតិបត្តិការល្អលើការធ្វើពាណិជ្ជកម្ម និងវិនិយោគ នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការដទៃ រួមទាំងនយោបាយផង នឹងមានភាពល្អប្រសើរផងដែរ។

ការគូសរំលេចនេះបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក វឿង ឌិញហ្វេ នៅវិមានសន្តិភាពនាព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ប្រធានរដ្ឋសភាវៀតណាម បានបង្ហាញនូវការរីករាយជាខ្លាំង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ ជាពិសេសក្នុងខួប៥០ឆ្នាំនៃទំនាក់ទំនង ប្រទេសទាំងពីរបានធ្វើសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងនេះ។ ជាពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ចទាំងកម្រិតថ្នាក់ដឹកនាំ យុវជន និងប្រជាពលរដ្ឋ។

បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនោះ ប្រធានរដ្ឋសភាវៀតណាម ក៏បានរីករាយចំពោះកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ លោក វឿង ឌិញហ្វេ ក៏បានជំរុញឱ្យមានការពិនិត្យលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់លោក វឿង ឌិញហ្វេ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀតរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម និងវិនិយោគ មានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេស និងប្រទេសកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា នៅក្នុងជំនួបព្រឹកមិញនេះ លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម បានសម្តែងការអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា។

ប្រធានរដ្ឋសភាវៀតណាម ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងជំងឺកូវីដ១៩ បានជោគជ័យ និងបានបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ។

ប្រធានរដ្ឋសភាវៀតណាម ក៏បានបង្ហាញនូវកោតសរសើរ និងរីករាយផងដែរ ចំពោះការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង