រដ្ឋមន្ត្រីការពារជាតិចិន អះអាងថា ចិន នឹងបន្តជួយដល់កម្ពុជាថែមទៀត
ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ខណៈឯកឧត្តមបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាថ្ងៃទី២៣ វិច្ឆិកា ខាងមុខ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់ និងសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាមួយនឹងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។
ឯកឧត្តម វ៉ី ហ្វូងហឺ ក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ពដែលកំពុងមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោថា ចិន នឹងបន្តជួយដល់កម្ពុជាថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ី ហ្វុងហឺ ដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកដោយផ្ទាល់ ហើយក៏បានថ្លែងអំណរគុណជូនឯកឧត្តមផងដែរ ចំពោះការវាយតម្លៃអំពីការរីកចម្រើនរបស់កម្ពុជា និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅ រួមជាមួយនឹងការថ្លែងអំណរគុណដល់ជំនួយរបស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា៕