រដ្ឋបាលខណ្ឌទួលគោក ស្នើសុំការគាំទ្រ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ចំនួន ៩១ គម្រោង សម្រាប់អនុវត្តឆ្នាំ២០២៣
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី២២វិច្ឆិកានេះ បានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣–២០២៥ របស់សង្កាត់ ខណ្ឌ សម្រាប់អនុវត្តនៅឆ្នាំ ២០២៣ ដើម្បីស្នើសុំការគាំទ្រគម្រោងពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ។
លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣–២០២៥ របស់សង្កាត់ ខណ្ឌ នៅពេលនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌ ,ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៣ របស់រដ្ឋបាលសង្កាត់ និងស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជនដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់ ។
លោកបន្តថា៖ ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងតែបាន រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខណ្ឌ សង្កាត់ តាមការណែនាំរបស់ថ្នាក់ជាតិ ហើយឆ្នាំនេះ សិក្ខាសាលាសមាហរណកម្មបានចាប់ផ្ដើមពី ថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាខណ្ឌនីមួយៗ ។ សិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣–២០២៥ របស់ ខណ្ឌសង្កាត់បានរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍៥ឆ្នាំ ទាំងរបស់ខណ្ឌ និងសង្កាត់ ដែលនៅក្នុងនោះចាំបាច់ត្រូវមានការចូលរួមគាំទ្រ ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។រដ្ឋបាលខណ្ឌ និងសង្កាត់ រៀបចំគម្រោងផែនការអភិវឌ្ឍន៍ទទួលបានជោគជ័យក៏ដោយសារតែមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជននិងសប្បុរសជននានា។
លោកជាង សុភ័ស្ស នាយករដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា៖ គម្រោងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌ ដែលបានគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មក្នុងឆ្នាំ២០២១ និងដែលបានអនុវត្ត ក្នុងឆ្នាំ២០២២ ទទួលបានការគាំទ្រសរុបចំនួន ៧៦គម្រោង អនុវត្តសម្រេចបាន៧៥ គម្រោង ស្មើ៩៨,៦៨%ក្នុងនោះ ផ្នែកសេដ្ឋកិច្ច ចំនួន ១៦គម្រោង លើ ១៦ គម្រោងផ្នែកសង្គមកិច្ច ចំនួន ៣១ គម្រោង លើ ៣១ គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ១១ គម្រោង លើ ១១ គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈចំនួន ១៧ គម្រោង លើ ១៨ គម្រោង។ ដោយឡែកសម្រាប់គម្រោងរដ្ឋបាលខណ្ឌ សម្រាប់អនុវត្តឆ្នាំ២០២៣ ដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុង សិក្ខាសាលាសមាហរណកម្មនាពេលនេះមានចំនួន ៩១ គម្រោង ក្នុងនោះ ផ្នែកសេដ្ឋកិច្ចចំនួន ២៩ គម្រោង ផ្នែកសង្គមកិច្ច ចំនួន ២៩ គម្រោង ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន ចំនួន ១៩ គម្រោងផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខចំនួន ១៤ គម្រោង៕