សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអាយប៉ាលើកទី៤៣ បានរៀបចំពិធីលាងសាយភោជន៍ជូនគណៈប្រតិភូអន្តរជាតិ ដែលបានចូលរួមមហាសន្និបាតអាយប៉ា ប្រកបដោយជោគជ័យ
ភ្នំពេញ៖ បន្ទាប់ពីមហាសន្និបាតអាយប៉ា បានបិទបញ្ចប់ដោយជោគជ័យ នារាត្រីថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអាយប៉ាលើកទី៤៣ បានរៀបចំពិធីលាងសាយភោជន៍ជូនដល់គណៈប្រតិភូសភាសមាជិកអាយប៉ា គណៈប្រតិភូសភាប្រទេសសង្កេតការណ៍អាយប៉ា និងភ្ញៀវជាតិ អន្តជាតិទំាងអស់ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។
ក្នុងនាមសភាកម្ពុជា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា និងក្នុងនាមប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវកិច្ចស្វាគមន៍ និងអរគុណជាថ្មីម្តងទៀត ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិទំាងអស់ ដែលបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ និងដែលបានជំរុញឲ្យមហាសន្និបាតដំណើរការប្រកបដោយជោគជ័យជាទីមោទកភាព។
សម្តេចបានលើកឡើងថា តាមពិតទៅគ្រួសារអាយប៉ាទំាងមូល ខានបានជួបគ្នាដោយផ្ទាល់បែបនេះអស់រយៈពេលពីរឆ្នាំហើយ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។ សម្តេចបានមានប្រសាសន៍បន្តថា ការជួបជុំគ្នានាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យ និងបទពិសោធន៌ជាក់ស្តែងក្នុងការប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ជោគជ័យនេះគឺកើតឡើងដោយសារមានកិច្ចខិតខំប្រឹងប្រែងរួម និងសាមគ្គីភាពជាអន្តរជាតិ។
សម្តេចប្រធានអាយប៉ាលើកទី៤៣ បានគូសបញ្ជាក់ថា បទពិសោធន៍នេះ បង្ហាញឱ្យយើងឃើញច្បាស់ថា “បញ្ហារួមគឺទាមទារនូវដំណោះស្រាយរួម” ហើយកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសាមគ្គីភាពជាអន្តរជាតិ ជាកត្តាដ៏សំខាន់សម្រាប់ដោះស្រាយនូវបញ្ហាប្រឈមរួមទាំងក្នុងកម្រិតតំបន់ និងសកលលោក។
ជាមួយនឹងការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតនៅក្នុងរយៈពេល៤ថ្ងៃមកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ នឹងជួយជំរុញលើកកម្ពស់តួនាទីអាយប៉ា ដែលជាស្ថាប័ននីតិប្បញ្ញត្តិតំបន់ ដែលមានអាយុជាងបួនទសវត្សរ៍មកនេះ ឱ្យកាន់តែមានសក្តានុពល រឹងមាំខ្លាំងក្លា កាន់តែមានប្រសិទ្ធភាព និងរស់រវើកថែមទៀត ដែលនឹងរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ប្រកបដោយ សន្តិភាព វិបុលភាព ធន់ ចីរភាព និងបរិយាបន្ន។
សម្តេចបានជូនពរដល់គណៈប្រតិភូអន្តរជាតិទំាងអស់ សូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព និងជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិរបស់ខ្លួន ៕