ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាត់ក្រុមការងារចំនួន ៣២៥រូប ចុះត្រួតពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី ប៉េង ហួត និងស្វែងយល់ពីមតិយោបល់ប្រជាពលរដ្ឋ

43

 

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ចំនួន ៣២៥ រូប បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី ប៉េង ហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ថែមលើការងារបច្ចេកទេសដែលអ្នកជំនាញបានប្រើឧបករណ៍វាស់ស្ទង់ជាបន្តបន្ទាប់ ការចុះត្រួតពិនិត្យនេះ មានគោលបំណង ដើម្បីធ្វើការឈ្វេងយល់ពីបទពិសោធជាក់ស្ដែងរបស់អ្នកប្រើប្រាស់ពីការប្រែប្រួលនៃគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរសព្ទ បន្ទាប់ពីក្រុមការងារបានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន ១២បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថានីយ៍អង់តែនបន្ថែមចំនួន ២៨ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ១០ ស្ថានីយ៍, ក្រុមហ៊ុន Metfone ចំនួន ៦ ស្ថានីយ៍, និងក្រុមហ៊ុន Smart ចំនួន ១២ ស្ថានីយ៍។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

សមាជិកក្រុមការងារទាំង ៣២៥ រូប បានស្ទង់មតិ និងប្រមូលព័ត៌មានពីប្រជាពលរដ្ឋដោយផ្ទាល់នៅតាមផ្ទះនៅគ្រប់គម្រោង សំដៅជំរុញការដោះស្រាយបញ្ហាសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ នាឱកាសនោះដែរ ក្រុមហ៊ុន បុរី ប៉េង ហួត ក៏បាន សហការបញ្ជូនបុគ្គលិកទទួលបន្ទុកតាមគម្រោងនីមួយៗ សម្របសម្រួលការចុះសម្ភាសន៍តាមផ្ទះក្នុងសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំ ជាដំណោះស្រាយ នៅតាមបុរីនានាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង