ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CDC អនុម័តគម្រោង វិនិយោគធំៗ ៣ទីតាំងបន្ថែម ក្នុងទំហំទុនវិនិយោគប្រមាណ៧លានដុល្លារ

39

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគធំៗ៣ ទីតាំងបន្ថែម ក្នុងទំហំទុនវិនិយោគប្រមា ណ ៧លានដុល្លារសហរដ្ឋអាមេរិក ជាមួយឱកាសការងារជាច្រើនពាន់ទីតាំងបន្ថែម។

តាមសំណើសុំវិនិយោគ របស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម ក្នុងនោះរួមមាន គម្រោងបង្កើតរោងចក្រផលិត ទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីបជ័រគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០កន្លែង។
គម្រោងបង្កើតរោងចក្រផលិតភួយ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១០០កន្លែង។
គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ធ្វើពីប្លាស្ទិក ស្កុត និងស្ទិកឃ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០កន្លែង។
គួរបញ្ជាក់ថា កន្លងទៅ ឯកឧត្តម សុខ ចិន្ដាសោភា ក៏បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជន បន្តស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ ២០២២នេះ។ ហើយបើតាមការរំពឹងទុក ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ក៏ពិតជាមានតម្លៃច្រើន ដែលនឹងជួយជំរុញអោយមានការវិនិយោគដោយផ្ទាល់បន្ថែមពីទីផ្សារក្រៅប្រទេសផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង