ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អំពីជោគជ័យ និងមោទនភាពរបស់កម្ពុជា ក្នុងការដាក់ «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

36

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូនជនរួមជាតិ អំពីជោគជ័យ និងមោទនភាពរបស់កម្ពុជា ក្នុងការដាក់ «គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុង រ៉ាបាត ប្រទេស ម៉ារុក ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣១នាទី នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ត្រូវនឹងម៉ោង ២២:៣១ នាទី ម៉ោងនៅកម្ពុជា បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មាការអន្តររដ្ឋាភិបាលដើម្បី ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូបានអនុម័តយល់ព្រមចុះ “ គុនល្បុក្កតោ » ក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសេចក្ដីសម្រេច 17.COM 7b1។

នេះគឺជាមោទកភាពថ្មីមួយបន្ថែមទៀតនាចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលសម្រាប់ប្រជាជនយើង ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនានានៅក្នុងតំបន់ និងពិភពលោកផងដែរ ។ ការចុះ បញ្ជីនេះ បានផ្តល់ទាំងតម្លៃ ទន្ទឹមគ្នានឹងកាតព្វកិច្ចចំពោះកម្ពុជា និងសហគមន៍អន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការ រួមគ្នាក្នុងការថែរក្សា ការពារក្បាច់គុនបុរាណខ្មែរដ៏កម្រមិនអាចកាត់ថ្លៃបានទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជាតិ ជំនាន់ក្រោយតរៀងទៅ។

ក្នុងឱកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំសូមព្រះរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅ វិសេសវិសាលថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ដែលព្រះអង្គទ្រង់តែងប្រោសប្រទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុង វិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។

ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះ សម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រនិងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គណ:កម្មការអូឡាំពិកកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ ជាពិសេសសហគមន៍សាលាដុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានារហូតសម្រេចបានជោគជ័យក្នុងការចុះ « គុនល្បុក្កតោ » ក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមអំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និង បណ្ដាញព័ត៌មានទាំងអស់មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់ នេះឲ្យបានទូលំទូលាយបំផុត៕

 

អត្ថបទដែលជាប់ទាក់ទង