៦៩ប្រទេសចូលរួមរត់រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៧ នៅខេត្តសៀមរាបថ្ងៃនេះ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះ កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជិត ៨ពាន់នាក់មកពី៦៩ប្រទេសលើពិភពលោកបានចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៧ នៅអង្គរវត្ត ខេត្តសៀមរាប ។
ព្រឹត្តិការណ៍កីឡានិងទេសចរណ៍នៅមុខប្រាសាទអង្គរវត្តនេះបានធ្វើឡើងអធិបតីភាពលោកបណ្ឌិតថោងខុនរដ្ឋមន្ដ្រីក្រសួងទេសចរណ៍អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរឆ្នាំនេះមានអ្នកចូលរួមសរុប
៧,៥៤៣នាក់មកពី៦៩ប្រទេសក្នុងនោះមានអត្តពលិកកម្ពុជា៥,៨១៤នាក់និងអត្តពលិកអន្ដរ
ជាតិ ១,៧២០នាក់ ក្នុងនោះអ្នករត់មកពីបរទេសច្រើនជាងគេ រួមមានអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។វិញ្ញាសារត់រួមមាន២១គីឡូម៉ែត្រ,១០គីឡូម៉ែត្រ,៥គីឡូម៉ែត្រនិងរត់កម្សាន្ដ ៣គីឡូម៉ែត្រ។
នេះគឺជាឆ្នាំទី២ហើយNOCCសហការជាមួយអាជ្ញាធរខេត្តសៀមរាបនិងក្រុមហ៊ុនពាក់
ព័ន្ធបានរៀបចំព្រឹត្តិការណ៍កីឡានិងទេសចរណ៍នេះឡើងវិញបន្ទាប់ពីរៀបចំដំបូងកាលពីឆ្នាំ
២០២១ក្រោយវិបត្តិកូវីដ១៩ដែលខកខានរៀបចំកាលពីឆ្នាំ២០២០ដោយរៀបចំតាមអនឡាញ។
ឆ្នាំនេះគឺជាលើកដំបូងដែលគណៈកម្មការរៀបចំអនុញ្ញាតឲ្យជនបរទេសនៅក្រៅប្រ
ទេសចុះឈ្មោះចូលរួមឡើងវិញហើយបានទទួលអ្នករត់អន្ដរជាតិរហូតដល់ជិត២ពាន់នាក់មកពី៦៩ប្រទេសចូលរួម។នេះគឺជាជោគជ័យមួយសម្រាប់គណៈកម្មការរៀបចំក្រោយដំណាក់កាលកូវីដ-១៩។
សម្រាប់ព្រឹត្តិការណ៍នេះក្រៅពីបំផុសប្រជាពលរដ្ឋលេងកីឡាដើម្បីសុខភាពនិងរួមចំណែកវិស័យទេសចរណ៍ ក៏ដូចជាផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌ នៃតំបន់អង្គរ ខេត្តសៀមរាប ការរៀបចំនេះក៏ដើម្បីស្វែងរកមូលនិធិជួយដល់សកម្មភាពមនុស្សធម៌ផងដែរដូចជាកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌ជាតិ-អន្ដរជាតិមួយចំនួនទៀត។ ម្យ៉ាងក៏ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ៕