ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញបើកហឹបវិញ្ញាសានៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ

109

 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសា នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។
វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដា សន្លឹកក្រដាសចែកជូនបេក្ខជន។

បេក្ខជនទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២។

បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹម ត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕

អត្ថបទដែលជាប់ទាក់ទង