ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលា ស្តីពីការប្រមូលធាតុចូល លើសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនី

38

 

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនី (Consultation Workshop on the Preparation of Draft Electric Vehicle Development Policy) ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន តំណាងអភិបាល នៃគណៈ អភិបាល២៥រាជធានី-ខេត្ត ដៃគូអភិវឌ្ឍរួមមាន៖ អង្គការUNDP ធនាគារពិភពលោក និងវិស័យ ឯកជនដូចជា៖ Car4you, Onion Mobility, Very Words, Total Energy ក្រោមការឧបត្ថម្ភគាំទ្រពី អង្គការUNESCAP និងSMMR/GIZ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីកំណើនចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជីគិតត្រឹមខែតុលា ឆ្នាំ២០២២ ដែលមានចំនួនសរុប៦២៥គ្រឿង កើនប្រហែល៥ ៥៨២% ប្រៀបធៀបទៅឆ្នាំ២០២១ ហើយទន្ទឹមជាមួយគ្នានេះ រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើត និងដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា៖ ថ្មីៗនេះ ក្រសួងបាននឹងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូន ផែនទីចង្អុលផ្លូវបណ្តាញស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលក្នុងនោះរួមមានការលើកទឹកចិត្តអ្នកប្រើប្រាស់យានយន្តអគ្គិសនី ការចងក្រងឯកសារគតិយុត្តដើម្បីគាំទ្រការកំណត់យកបទដ្ឋានបច្ចេកទេស ការរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ការលើកទឹកចិត្តឱ្យមានការបង្គុំដំឡើង និងផលិតយានយន្តអគ្គិសនីនៅកម្ពុជាជាដើម។

ជាមួយគ្នានោះផងដែរ តំណាងអញ្ជើញមកពីអង្គការUNESCAP បានធ្វើបទបង្ហាញអំពីសកម្មភាពការងាររបស់ខ្លួនទាក់ទងនឹងចល័តភាព(E-mobility) ករណីសិក្សាកន្លងមក និងបទពិសោធន៍សម្រាប់ការរៀបចំចងក្រងសេចក្តីព្រាងគោលនយោបាយនេះ។

សូមជម្រាបជូនថា៖ កម្មវិធីសិក្ខាសាលានេះ បានរួមបញ្ចូលវគ្គពិភាក្សាលើការផ្តល់ធាតុចូលសំខាន់ៗ ដើម្បីរៀបចំគោលនយោបាយយានយន្តអគ្គិសនីសម្រាប់កម្ពុជា ចង្វាក់តម្លៃយានយន្តអគ្គិសនី វិធានការណ៍អនុវត្តគោលនយោបាយយានយន្តអគ្គិសនី និងការឆ្លើយកម្រងសំណួរ។

អង្គសិក្ខាសាលាបានចូលរួមពិភាក្សាផ្លាស់ប្តូរគំនិតយោបល់យ៉ាងផុសផុល សំដៅជំរុញឱ្យការរៀបចំចងក្រងសេចក្តីព្រាងគោលនយោបាយនេះមានប្រសិទ្ធភាព ប្រសិទ្ធផល សុក្រឹតភាព និងនិរន្តរភាពក្នុងគោលដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង