ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ប្រកាសដាក់ឲ្យប្រើជាផ្លូវការ ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្ដីពី «សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល»

98

ភ្នំពេញ៖ រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្ដីពី «សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល» ប្រារព្ធនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

របាយការណ៍បានឱ្យដឹងថា ឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្ដីពីសុខដុមនីយកម្មនៃការកែទម្រង់ ៣ បូក ១ នេះ មានគោលបំណងធានាសុខដុមនីយកម្មនៃការកែទម្រង់ ដោយយកសមិទ្ធផល និង បទពិសោធន៍កន្លងមក ធ្វើជាមូលដ្ឋានឈានឆ្ពោះទៅសម្រេចបាន នូវគោលនយោបាយ និង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយត្រូវឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនៃបរិបទសកល។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី ក្នុងនាមគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកំណែទម្រង់ ទាំង៤ រួមមាន កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការឬហៅម្យ៉ាងទៀតថាកំណែទម្រង់នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ដែលបានសហការគ្នារៀបចំឯកសារចក្ខុវិស័យនិងយុទ្ធសាស្ត្រស្ដីពីសុខដុមនីយកម្មការកែទម្រង់៣បូក១ ព្រមទាំងការរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនៅពេលនេះ។

សម្ដេចក្រឡាហោម ក៏បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីនៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចដំណើរការរៀបចំនិងការអនុវត្តកម្មវិធីកំណែទម្រង់ទាំង៤ ឲ្យមានការវិវឌ្ឍទៅមុខប្រកបដោយផ្លែផ្កា តាមដំណាក់កាលនីមួយៗរហូតមកទល់ពេលនេះ។ សម្ដេចបានបន្តគូសបញ្ជាក់បន្ថែម អំពីភាពចាំបាច់ និងសារៈសំខាន់នៃកំណែទម្រង់ស្នូលទាំង៤ដែលរាជរដ្ឋាភិបាលបានតម្កល់ឆន្ទៈនយោបាយក្នុងការរៀបចំ និងអនុវត្តរហូតមកដល់បច្ចុប្បន្ននេះនឹងបន្តនៅពេលអនាគតទៀត។

សម្ដេចមានប្រសាសន៍ថា កំណែទម្រង់ទាំង៤ នៅមានចរិតលក្ខណៈជាកំណែទម្រង់អន្តរវិស័យ គឺពិតជាមានភាពសាំញ៉ាំ និងស្មុគស្មាញ ហើយដើម្បីធានាសម្រេចបានគោលបំណងរួមនៃកំណែទម្រង់ទាំងនេះចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួន ដូចជាការបន្តរក្សាបានសន្តិភាពស្ថិរនយោបាយ និងការពង្រឹងបាននូវប្រជាធិបតេយ្យដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មួយចំនួន ដូចជាសន្តិភាព ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ ឆន្ទៈនយោបាយ ការចូលរួមពីអ្នកពាក់ព័ន្ធ និងភាពស៊ីសង្វាក់គ្នាជាដើម។

ដើម្បីធានាឲ្យឯកសារចក្ខុវិស័យនិងយុទ្ធសាស្ត្រស្ដីពីសុខដុមនីយកម្មកំណែទម្រង់៣បូក១ ដែលជាផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ត្រមួយសម្រាប់ភាពជោគជ័យនៃកម្មវិធីកំណែទម្រង់ស្នូលទាំង៤ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព សម្ដេចបានផ្ដល់អនុសាសន៍ឱ្យអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកម្មវិធីកំណែទម្រង់ទាំង៤ បន្តកិច្ចសហការគ្នាក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាពរួមឲ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងស៊ីសង្វាក់ និងត្រូវរៀបចំកិច្ចប្រជុំយន្តការសម្របសម្រួលការកែទម្រង់៣បូក១នេះឲ្យបានទៀងទាត់តាមពេលវេលាដែលបានកំណត់ ដើម្បីតាមដានត្រួតពិនិត្យលើវឌ្ឍនភាពបញ្ហាប្រឈមនានានៃការអនុវត្តផែនការ ស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលាព្រមទាំងត្រូវធ្វើសេចក្ដីរាយការណ៍ជូនគណៈកម្មាធិការនៃកម្មវិធីកំណែទម្រង់សាមីនីមួយៗជាប្រចាំតាមគោលការណ៍កំណត់

សម្ដេចបានក៏បានណែនាំឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធត្រូវរៀបចំឲ្យមានយន្តការមួយនៅក្នុងក្រសួងស្ថាប័ន នៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ សម្រាប់ដឹកនាំសម្របសម្រួល និងគាំទ្រដល់ការរៀបចំ និងការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ពាក់ព័ន្ធនឹងកំណែទម្រង់ស្នូលទាំង៤ប្រកបដោយប្រសិទ្ធភាព ជាជាងការរៀបចំបង្កើតនូវយន្តការសម្រាប់ដឹកនាំសម្របសម្រួល និងគាំទ្រកម្មវិធីដាច់ដោយឡែកដោយឡែកពីគ្នា។

សម្ដេចក៏បានណែនាំឱ្យពិនិត្យលទ្ធភាពផ្តល់ការគាំទ្រធនធានមធ្យោបាយដល់កំណែទម្រង់នីមួយៗឲ្យបានសមស្រប និងស្នើបន្តផ្តល់ការគាំទ្រ និងចូលរួមក្នុងកិច្ចដំណើរការនៃកំណែទម្រង់ស្នូលទាំង៤ឲ្យកាន់តែសកម្មបន្ថែមទៀតដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួមនៃកំណែទម្រង់ពន្ធនេះ គឺការពង្រឹងគុណភាពដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើង។ សម្ដេចក៏ស្នើឲ្យអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកំណែទម្រង់ទាំ៤ត្រូវបន្តសហការគ្នាផ្សព្វផ្សាយ និងការកៀងគរការគាំទ្រពីក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល និងស្ថាប័នមិនមែនរដ្ឋាភិបាល រួមមានដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍មូលដ្ឋាន និងសាធារណជនទូទៅ៕

អត្ថបទដែលជាប់ទាក់ទង