ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព

104

 

នៅម៉ោង ៩.៣០នាទីព្រឹក ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ត្រូវនឹងម៉ោង៣.៣០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ។

វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិព្រុចសែល ត្រូវបានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ តំណាងអគ្គលេខាធិការនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ,ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបែលហ្ស៊ិក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

សូមជម្រាបថា ធ្វើដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។

បើតាមការឲ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ក្នុងនោះ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោផងដែរ៕

អត្ថបទដែលជាប់ទាក់ទង