ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១ខែវិច្ឆិកានេះ រដ្ឋបាលរាជធានី កងកម្លាំង និងមន្ត្រីរាជការ បំពេញការងារបានយ៉ាងល្អ លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ពិសេសក្នុងកិច្ចប្រជុំអាស៊ាន

71

 

ភ្នំពេញ៖ ក្នុងមួយខែវិច្ឆិកាឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំង និងមន្ត្រីរាជការពាក់ព័ន្ធបំពេញការងារបានយ៉ាងល្អ ទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ស្រាយបណ្ដឹង ជាមួយនិងការកែលម្អសោភ័ណភាពរាជធានីភ្នំពេញ កាន់តែមានសោភ័ណភាព ស្រស់បំព្រង រហូតទទួលបានការគាំទ្រពីជាតិ និងអន្តរជាតិ ជាពិសេសនៅពេលប្រជុំអាស៊ាន លើកទី ៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុងASEANកន្លងទៅ។
នេះជាការលើកឡើងរបស់ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២នេះ ក្រោមអធិបតិភាព លោកម៉ប់ សារិន និងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកម៉ប់ សារិន ក្នុងឱកាសនោះ បានថ្លែងនូវការ
កោតសរសើរ ដល់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរ កងកម្លាំង និងមន្ត្រីរាជការពាក់ព័ន្ធ ដែលបាន ចូលរួមរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរដោយជោគជ័យធ្វើឱ្យកិត្យានុភាពរបស់រាជធានី ភ្នំពេញក៏ដូចព្រះរាជាណាចក្រកម្ពុជាកាន់តែធ្វើឱ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ មានការកោតសរសើរ ក្នុង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ កាលពីថ្ងៃទី ០២-០៣ ខែធ្នូ ឆ្នាំ២០២២នៅរាជធានីភ្នំពេញ និងក្នុងព្រឹត្តិការណ៍ពិធីបើក-បិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតី តជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកបាន ល្អប្រសើរ នៅកីឡដ្ឋានជាតិមរតកតេជោ។ កោតសរសើរ អាជ្ញាធរ និងសមត្ថកិច្ច គ្រប់ខណ្ឌដែលបានយុទ្ធនាការផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់គេហដ្ឋាន ដែលធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងអបអរសាទរយ៉ាងខ្លាំង។កោតសរសើរដល់អង្គភាពពន្ធដារដែលប្រមូលពន្ធរយៈពេល១១ខែ ឆ្នាំ២០២២ បានលើសផែនការ
ច្បាប់ ៤,៣១%។

បន្ថែមពីនេះ លោកម៉ប់សារិន ក៏បានថ្លែងនូវការ
អរគុណ ដល់មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលបានបង្ហាញលទ្ធផលនៃការធ្វើ បច្ចុប្បន្នភាព ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារទំនើបក្នុងរាជធានីភ្នំពេញ និងការធ្វើបច្ចុប្បន្នភាព ផលិតផលសក្តានុពលក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញចលនាភូមិមួយផលិតផលមួយរាជធានីភ្នំពេញ និងសូមសរសើរលើការតាមដានប្រមូល និងដឹកជញ្ជូនសំរាមតាមខណ្ឌ និងសង្កាត់ដែលធ្វើឱ្យសំរាមមិនមានការកកស្ទះ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំអាស៊ាន លើកទី ៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុងASEANកន្លងមកនេះ រាជធានីភ្នំពេញរបស់យើងរៀបចំទទួលបានជោគជ័យយ៉ាងធំធេង ។ការទទួលបានជោគជ័យទទួលការកោតសរសើរពីជាតិ អន្តរជាតិនេះ គឺបានមកពីការចូលរួមសហការគ្នាបានយ៉ាងល្អ រវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធររាជធានី ហើយអ្វីដែលពិសេសថែមទៀតនោះគឺការចូលរួមសហការបានល្អពីប្រជាពលរដ្ឋ ។

លោកឃួង ស្រេង បញ្ជាក់ថា៖ ប្រទេសកម្ពុជាយើងមានឯកភាពជាតិហើយ ផ្តើមចេញពីកម្ពុជាមានសន្តិភាពពេញលេញ ។ជាក់ស្តែងក្នុងកិច្ចប្រជុំអាស៊ាន លើកទី ៤០ និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុងASEANកន្លងមកនេះ ប្រជាពលរដ្ឋបាលចូលរួមយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដោយពួកគាត់មិនខ្លាចពីការខាតបង់ប្រាក់ចំណូលប្រចាំថ្ងៃពីការលក់ដូរឡើយ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាអោយកិច្ចប្រជុំនេះទទួលបានជោគជ័យ ដែលបានធ្វើអោយកម្ពុជាយើងមានមុខ មានមាត់លើឆាកអន្តរជាតិ។
លោកបន្តទៀតថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះអាជ្ញាធររាជធានីខាងលើនេះ ជាការលើកទឹកចិត្តមួយដ៏ធំ ដើម្បីអាជ្ញាធររាជធានីបន្តអនុវត្តការងារកាន់តែល្អប្រសើរថែមមួយកម្រុតទៀត៕

 

អត្ថបទដែលជាប់ទាក់ទង