ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវិនិយោគរបស់ក្រុមហ៊ុន អាមេរិកនៅកម្ពុជា ចំនួន៥២គម្រោង មានទឹកប្រាក់ប្រមាណ១.១ប៊ីលានដុល្លារ

231


ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០១៨ ការវិនិយោគរបស់ក្រុមហ៊ុន សហរដ្ឋអាមេរិកនៅកម្ពុជា មានចំនួន៥២គម្រោង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ១.១ប៊ីលានដុល្លារអាមេរិក ក្នុងនោះការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានប្រមាណ ២៧៤លានដុល្លារអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for the Development of Cambodia) បានប្រកាសថា នារសៀលថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីខាឡិក (Michael Michalak) អនុប្រធានក្រុមប្រឹក្សា និងជានាយកគ្រប់គ្រងថ្នាក់តំបន់ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនឯកជនធំៗ របស់សហរដ្ឋអាមេរិក សរុប ប្រមាណ ៣០នាក់។

ជាកិច្ចចាប់ផ្តើម លោកសុខ ចិន្តាសោភា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ដែលមានគោលបំណងជំរុញទំនាក់ទំនងអាជីវកម្ម រវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត ក៏ដូចជាស្វែងយល់បន្ថែមពីកាលានុវត្តភាព សក្ដានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ លោករដ្ឋមន្ត្រីប្រតិភូ បានជម្រាបជូនគណៈប្រតិភូ ពីគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្តរបស់អ្នកវិនិយោគគ្រប់រូប ក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមបញ្ចូលទាំងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។

លោក ម៉ៃឃើល មីខាឡិក បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ហើយបានទទួលស្គាល់ និងសម្តែងនូវការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹក នាំប្រទេសឱ្យមានការរីកចម្រើន លូតលាស់យ៉ាងឆាប់រហ័ស។ លោកក៏បានជម្រាបជូនអង្គប្រជុំ ពីសាវតាររបស់ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ថាជាស្ថាប័នពិគ្រោះយោបល់ ដ៏សំខាន់សម្រាប់ក្រុមហ៊ុនសាជីវកម្ម របស់សហរដ្ឋអាមេរិក ដែលមានប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានដើរតួនាទីចម្បង ក្នុងការលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងវិនិយោគ ដោយបានផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ក្រុមប្រឹក្សាមាន ការិយាល័យចំនួន ៦ នៅក្នុងបណ្តាទីក្រុងនៃប្រទេសជាសមាជិកអាស៊ាន រួមមានទីក្រុងបាងកក ហាណូយ ហ្សាការតា គូឡាឡាំពួ ម៉ានីល និងសិង្ហបុរី។ លោកប្រធានគណៈប្រតិភូ បានបន្ថែមថា តាមរយៈកិច្ចពិភាក្សានាថ្ងៃនេះ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក នឹងឈានទៅមុខមួយកម្រិតទៀត ជាក់ជាមិនខាន។

គួររំលឹកថា យោងតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០១៨ ការវិនិយោគរបស់ក្រុមហ៊ុន សហរដ្ឋអាមេរិក នៅកម្ពុជា មានចំនួន ៥២គម្រោង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ១,១ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានប្រមាណ ២៧៤លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង