ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីបរិស្ថាន ជំរុញឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍បុរី គិតគូរការគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានល្អ

104


ភ្នំពេញ៖ ដើម្បីបង្កើតយន្តការរៀបចំថែរក្សាការពារនិរន្តរភាពបរិស្ថាន រាជធានីភ្នំពេញ ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយម្ចាស់បុរី និងខុនដូ រកដំណោះស្រាយរួមមួយ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៨ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួម ពីបណ្តាថ្នាក់ដឹកនាំ ចំណុះក្រសួងបរិស្ថាន ពាក់ព័ន្ធ រួមទាំងសមាគមន៍ និងបណ្តាក្រុមហ៊ុន វិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានប្រមាណ ៤០ ក្រុមហ៊ុននៅរាជធានីភ្នំពេញ។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីស្នើសុំនូវមតិយោបល់ ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធ លើការវិនិយោគលំនៅដ្ឋានទាំងអស់ ដើម្បីធ្វើការរួម ក្នុងការរៀបចំលំ នៅដ្ឋាន និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំក្រុង ធ្វើយ៉ាងណាប្រែក្លាយលំនៅដ្ឋាន ក៏ដូចជា បុរីទាំងអស់នោះ ប្រកបដោយភាពបៃតង មានសោភ័ណភាព និងបរិស្ថានស្អាត។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តាមរយៈកិច្ចប្រជុំនេះ ពិគ្រោះយោបល់នេះ ក៏ដូចជាការរៀបចំគោលនយោបាយ ទាក់ទងការសាងសង់លំនៅដ្ឋាន ឱ្យត្រូវទៅតាមស្ថានភាពជាក់ស្តែង ដោយគិតគូរបញ្ហាបរិស្ថានជាចម្បង ក្នុងនោះស្នើដល់ ក្រុមហ៊ុនវិនិយោគទាំងអស់ មុននឹងធ្វើការសាងសង់ត្រូវគិតពីបញ្ហាលូ និងប្រព័ន្ធចំរោះទឹក ការញែក និងគ្រប់គ្រងសំរាម ក៏ដូចជាការសាងសង់យ៉ាងដូម្តេច ដើម្បីមានបរិស្ថាន និងមានបរិយាកាសល្អ ដើម្បីចូលរួមលើកកម្ពស់ ក្នុងកិច្ចគាំពារបរិស្ថាន នៅក្នុងទីប្រជុំជនក្រុង និងរាជធានីភ្នំពេញផងដែរ។ លោករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការគោលការណ៍ទាំងនេះ ក៏នឹងត្រូវអនុវត្តនៅក្នុងការវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋាននៅថ្នាក់ខេត្តផងដែរ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍បុរីទាំងអស់ គិតគូរបញ្ចូលក្នុងផែនការរបស់ខ្លួននូវ​ការគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានល្អផងដែរ។​ លោករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីលើកទឹកចិត្តដល់បុរី ដែលបានគិតគូរដល់បរិស្ថាន ក្រសួងនឹងគិតគូរ ពីការប្រកួតប្រជែង ក្នុងចំណោមបូរីនានា និងផ្តល់នូវការការលើកទឹកចិត្ត ទទួលស្គាល់ដល់ការចូលរួមថែរក្សា និងស្រឡាញ់បរិស្ថាន។ ក្រៅពីការលើកសំណូមពរមួយចំនួន អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅរាជធានីភ្នំពេញ បានគាំទ្ររាល់ការលើកឡើង ទាំងឡាយ របស់ក្រសួងបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង