ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចុះតាមដានការអនុវត្តន៍ច្បាប់ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចំពោះយន្តការបន្លាស់ទី របស់ជនអន្តោប្រវេសន៍វៀតណាម

133


កំពង់ឆ្នាំង៖ សមាគមវៀតណាម និងដៃគូឯកជន ​សហការគ្នា ផ្ដល់ដីឲ្យជនជាតិវៀតណាម ដែលទើបផ្លាស់ទីមកពី​លើទឹក​។
ពាក់ព័ន្ធករណីនេះ ប្រតិភូបក្សខ្មែរក្រោក ជំរុញឲ្យអនុវត្តន៍ច្បាប់ បណ្ដេញចេញ ចំពោះជនអន្តោប្រវេសន៍វៀតណាម ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រៀមប្ដូរទីលំនៅពីទឹកមកគោក។

លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស បានលើកឡើងថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក បានចុះសិក្សា និងតាមដានការអនុវត្តន៍ច្បាប់ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចំពោះយន្តការបន្លាស់ទី របស់ជនអន្តោប្រវេសន៍វៀតណាម ពីរស់នៅលើទឹកមករស់នៅលើគោកម្ដង នេះជាករណីថ្មីមួយ កំពុងត្រូវបានមហាជនបងប្អូន ប្រជាពលរដ្ឋ សម្ដែងការមិនពេញចិត្តនិងរិះគន់យ៉ាងខ្លាំង ។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានជួបសួរដេញដោលជាមួយ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរពីយន្តការ អនុវត្តន៍ច្បាប់ និងផ្ទៀងផ្ទាត់ចម្លើយ ។

លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស បានលើកឡើងថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក បានរកឃើញថា មានជនអន្តប្រវេសន៍វៀតណាម រស់នៅខុសច្បាប់ អនីតិជន ប្រមាណជា ២៣៩៧ គ្រួសារ ស្មើ១០០៨៧ នាក់ ត្រូវបន្លាស់ទីពីការរស់នៅ ក្នុងទឹកអនាធិបតេយ្យ មករស់នៅលើគោកវិញ ចំពោះយន្តការបន្លាស់ទី របស់ជនអន្តោប្រវេសន៍វៀតណាមនេះ លោក ស៊ុន សុវណ្ណរិទ្ធ បំភ្លឺថា ជាយន្តការបន្លាស់ទីដើម្បីងាយស្រួល គ្រប់គ្រងជនអន្តោប្រវេសន៍ អនាធិបតេយ្យទាំងនោះ ជាពិសេស ជាយន្តការដោះស្រាយ ផលប៉ះពាល់បរិស្ថានទន្លេ ទប់ស្កាត់បទល្មើសនេសាទ គ្រឿងញៀន ជាដើម ។

ចំពោះករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នឹងប្រមូលចងក្រង រៀបចំរបាយការណ៍ ការជាក់លាក់ដើម្បីមូលដ្ឋានផ្ដល់គំនិតទៅរដ្ឋាភិបាល ដើម្បីដាក់ចេញនូវគោលនយោបាយ គ្រប់គ្រងអោយបានម៉ត់ចត់ ជាពិសេសដើម្បីធានាបានថា ការបន្លាស់ទីរបស់ជនអន្តោប្រវេសន៍វៀតណាម ពីលើទឹកមកនៅលើគោកនោះ ត្រូវតែក្នុងលក្ខខណ្ឌជួលដីរស់នៅ និងពុំមានការផ្ដល់សិទ្ធិឲ្យជននោះ ក្លាយជាពលរដ្ឋស្របច្បាប់ មានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ ជាពិសេសគឺត្រូវអនុវត្តន៍ច្បាប់បណ្ដេញជនអន្តោប្រវេសន៍ទាំងនោះ ចេញទៅប្រទេសកំណើតវិញ ប្រសិនជាការរស់នៅរបស់ជនអន្តោប្រវេសន៍ទាំងនោះ មិនបានបំពេញគ្រប់លក្ខន្តិកៈច្បាប់ ស្ដីពី សញ្ជាតិដែលចែងក្នុងច្បាប់ ជាធរមាន ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រតិភូគណបក្សខ្មែរក្រោក សូមកោតសរសើរចំពោះលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងសហការ ក្នុងបេសកកម្មនេះ ។

សមាគម​វៀត​ណាមប្រចាំខេត្តកំពង់ឆ្នាំង អះអាងថា ខ្លួនបានសហការជាមួយក្រុមហ៊ុនឯក​ជនមួយ ដើម្បីផ្ដល់ដីដល់ប្រជាពលរដ្ឋខ្មែរ​​វៀតណាមប្រមាណជាង៨០០រយគ្រួសារ បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរកម្ពុជាតម្រូវ​ឲ្យ​ផ្លាស់ទីតាំងពីការរស់នៅលើផ្ទៃទឹក មកស្នាក់បណ្ដោះអាសន្ននៅលើគោកវិញ។

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធិ មានប្រសាសន៍ថា បច្ចុប្បន្នដៃគូឯកជន សហការជាមួយសមាគមវៀតណាម បានសម្រេចផ្ដល់ដីចំនួន ៣៥ ហិកតា សម្រាប់ប្រជាពលរដ្ឋវៀតណាមដែលរស់នៅ លើផ្ទះបណ្ដែតទឹកជាប់ក្រុងកំពង់ឆ្នាំងតែប៉ុណ្ណោះ សម្រាប់ទីតាំងផ្សេងៗទៀតមិនទាន់ដឹងនៅឡើយ ។ លោកបន្តថា ជនជាតិវៀតណាម ដែលត្រូវបានបម្លាស់ទីមកលើគោកទាំងអស់ គឺត្រូវស្ថិត​ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន​ក្នុងតំបន់​នោះ។

លោក បានបន្តថា គ្រប់គ្រងតាមផ្លូវច្បាប់ តាមរដ្ឋបាលភូមិឃុំ​ គឺអាជ្ញាធរ​គ្រប់គ្រង ប៉ុន្តែគ្រាន់តែជាលក្ខណៈដោយឡែក គាត់សហការជាមួយដៃគូឯកជន ហើយគាត់ដោះស្រាយជាមួយប្រជាពលរដ្ឋគាត់ឲ្យជួលឲ្យ ជាផ្ទៃក្នុងរបស់គាត់ទេ។ អាជ្ញាធរសម្របសម្រួលជួយ តទឹក តភ្លើងអី បង្កលក្ខណៈធ្វើម៉េច ឲ្យបងប្អូនប្រជាពលរដ្ឋ មានលក្ខណៈងាយស្រួល ប៉ុន្តែសម្រាប់ផ្ទៃក្នុងរបស់គាត់ គាត់ជួលអីជារឿងផ្ទៃរបស់គាត់។

លោកបន្តថា ការសម្រេចបន្លាស់ទីទីតាំងថ្មីសម្រាប់ជនជាតិវៀតណាម ដែលរស់តាមដងទន្លេទូទាំងខេត្តកំពង់ឆ្នាំង ឲ្យទៅរស់នៅលើគោកវិញ គឺធ្វើឡើងដើម្បីលើកក​ម្ពស់សោភ័ណភាព បញ្ជៀសផលប៉ះពាល់សុខភាព ជាពិសេសការប្រើប្រាស់ទឹក ។

សូមបញ្ជាក់ថា ជន​ជាតិ​វៀត​ណាមដែលត្រូវបាន​ធ្វើ​ការ​ផ្លាស់​​ប្តូរការ​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ឲ្យ​ទៅ​នៅ​លើ​គោក​វិញ​នេះមាន​ចំនួន​២.៣៩៧​គ្រួសារ ហើយតំបន់​ដែល​​ជន​ជាតិ​វៀត​ណាម ដែល​រស់​នៅ​ច្រើន​ជាង​គេ គឺ​នៅ​ម្តុំ​ផ្សារ​ក្រោម និង​នៅ​តំបន់​ឆ្នុក​ទ្រូ ស្ថិត​ក្នុងស្រុក​បរិបូណ៌ និង​នៅ​ស្រុក​កំពង់​ត្រឡាច ជា​ដើម​៕​

អត្ថបទដែលជាប់ទាក់ទង