ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអភិវឌ្ឍន៍ជនបទ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅពេលបុណ្យភ្ជុំបិណ្ឌ

302


ក្រសួងអភិវឌ្ឍន៍ជនបទ និងទីប្រឹក្សាគម្រោងសុវត្ថិភាពចរាចរណ៍ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋឲ្យបានយល់ដឹង នៅមុនពេលបុណ្យភ្ជុំបិណ្ឌ អំពីសុវត្ថិភាពចរាចរណ៍ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បី បញ្ចៀសខ្លួនពីគ្រោះថ្នាក់ចរាចរណ៍ នៅពេលធ្វើដំណើរ កាលពីថ្ងៃទី៤តុលា។

លោក មាស ចាន់ឌី ក្រុមទីប្រឹក្សាគម្រោង សុវត្ថិភាពចរាចរណ៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ដើម្បី រួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅលើដងផ្លូវជនបទ ក្រសួងបាន អប់រំផ្សព្វផ្សាយ ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ សិស្សាសាលានៅក្នុងតំបន់ នៃគម្រោងកែលម្អផ្លូវជនបទជំហាន២ ដោយផ្តោតលើកត្តាហានិភ័យនានា សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបភាព តាមរយៈការជំរុញឲ្យ មានការផ្លាស់ប្ដូរឥរិយាបថធ្វើដំណើរ បានត្រឹមត្រូវនិងមានសុវត្ថិភាព នៅក្នុងកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ។

លោក បន្តថា យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ មានចងជាបដា អប់រំ ផ្សព្វផ្សាយនៅតាមដងផ្លូវ ការបិទប៉ុស្ទ័រ ការចែកខិតប័ណ្ណ អប់រំប្រជាពលរដ្ឋក្នុងសហគមន៍ ដើរដង្ហែតាមផ្លូវជនបទ នៅទីវត្តអារាម តាមទីផ្សារនានា ក្នុងសហគមន៍ និងការចាក់ផ្សាយ សារអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមឧគ្ឃោសនសព្ទ័ជាដើម។

លោកបានបន្ថែមថា “គោលបំណងសំខាន់ នៃការរៀបចំយុទ្ធនាការ ពេលបុណ្យភ្ជុំបិណ្ឌនេះ គឺដើម្បីកាត់បន្ថយចំនួនជនរងគ្រោះ និងចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំពោះប្រជាពលរដ្ឋដែល ធ្វើដំណើរពេលបុណ្យភ្ជុំបិណ្ឌនេះ ដើម្បី សម្រេចតាម គោលបំណងនេះបាន ទី១អប់រមប្រជាពលរដ្ឋយើងឲ្យបានយល់ដឹង អំពីឥរិយាបទ ដែលគ្មានសុវត្ថិភាព ដូចជាការបើក បរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការធ្វើដំណើរមិនពាក់មួកជាដើម ត្រូវអនុវត្តឲ្យបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា”។

យោងតាមរបាយការណ៍ នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ ចំនួនអ្នកស្លាប់មាន ១៩៧៦នាក់ និងរបួសធ្ងន់ ៤៨៥៣នាក់។ គិតជាមធ្យមមាន ច្រើនជាង៥នាក់បានស្លាប់ និងរងរបួសធ្ងន់ជាង១៣នាក់ក្នុងមួយថ្ងៃ។ ក្នុងនោះ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៧កន្លងទៅ មានអ្នកស្លាប់ ៥៤នាក់ និងរងរបួសធ្ងន់ចំនួន ១៣១នាក់ គិតជាមធ្យមមានមនុស្សស្លាប់ ជិត៨នាក់ និងរបួសធ្ងន់១៩នាក់ក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា៖ តាមការព្យាករណ៍ បើគ្មានវិធានការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នោះទេ ចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នឹងកើនឡើងរហូតដល់ ៣២០០នាក់ នៅឆ្នាំ២០២០។ យុទ្ធនាការ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមុនពេលបុណ្យភ្ជុំបិណ្ឌរបស់ក្រសួងអភិវឌ្ឍន៏ជនបទ និងទីប្រឹក្សាគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃគម្រោងកែលម្អផ្លូវជនបទជំហាន២នេះ
គឺ ពិតជាការចូលរួមចំណែកដ៏ធំធេង និងស្របតាមផែនការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១១-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្តេជ្ញាកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន៥០% ត្រឹមឆ្នាំ២០២០ខាងមុខ៕ 04 10 18 អត្ថបទ អ៊ួង វុធ

អត្ថបទដែលជាប់ទាក់ទង