ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ បិទ​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​តួនាទី​ភារកិច្ច​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ការងារ​នគរបាល​និង​សហគមន៍​ និង​អនុវត្ត​គោលនយោបាយ​ ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​

86

 

​ខេត្តកណ្តាល​ ៖​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១២​ ខែមករា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​តួនាទី​ភារកិច្ច​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ការងារ​នគរបាល​និង​សហគមន៍​ និង​អនុវត្ត​គោលនយោបាយ​ ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។​

​ជា​កិច្ច​ចាប់ផ្តើម​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្ដាល​ បាន​រាយការណ៍​ជូន​អង្គពិធី​ថា​ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ ពិសេស​ដោយ​មានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ការ​ជំរុញ​លើកទឹកចិត្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​បន្ទុក​សេនាធិការ​ ទើប​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ សហការ​ជាមួយ​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ បាន​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​ ស្ដី​ពី​តួនាទី​ភារកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ការងារ​រដ្ឋបាល​ សហគមន៍​ និង​ការ​អនុវត្ត​គោ​លន​យោ​បាល​ភូមិ​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ ជូន​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ដែល​ពុំ​ទាន់​ឆ្លង​វគ្គ​ នៅ​តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំង​១១​ រយៈពេល​០៨​ថ្ងៃ​ គិត​ចាប់ពី​០២​ ដល់​ថ្ងៃ​១២​ ខែមករា​ ឆ្នាំ​២០២៣​ ដែល​មាន​សិក្ខាកាម​សរុប​ ១២០​នាក់​ ស្រី​២៧​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ បន្ទាប់​ពី​ទទួល​បានការ​បណ្ដុះបណ្ដាល​រួច​មក​ អស់លោក​ លោកស្រី​ និង​យកចំណេះ​ដឹង​ទាំងនេះ​ ទៅ​អនុវត្ត​ការងារ​របស់​ខ្លួន​ ក្នុង​នាម​ជា​មន្ត្រី​នគរបាល​បំរើ​ប្រជាពលរដ្ឋ​ ដោយ​ចេញពី​បេះដូង​ និង​ទឹកចិត្ត​បរិសុទ្ធ​ ប្រកបដោយ​ឆ​ន្ទះ​មោះមុត​ និង​យក​បេះដូង​ប្រជាពលរដ្ឋ​អោយ​បាន​តាម​រយៈ​ការ​បំរើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​លក្ខខណ្ឌ​ ដោយ​ស្នាមញញឹម​ ដោយ​កុំ​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ដើម្បី​លើក​ស្ទូ​យ​កិត្តិយស​កងកម្លាំង​នគរបាល​ជាតិ​ទាំងមូល​និយាយ​ជា​រួម​ និយាយ​ដោយឡែក​កងកម្លាំង​នគរបាល​ខេត្តកណ្តាល​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​មាន​ប្រសាសន៍​ចូលរួម​អបអរសាទរ​ចំពោះ​ជ័យ​លា​ភី​នៃ​ការ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​របស់​សិក្ខាកាម​ ដែល​មាន​ទាំង​និទ្ទេស​ល្អ​ ល្អ​បង្គួរ​ និង​មធ្យម​ សុទ្ធតែ​បាន​ឈាន​ទៅ​ដល់​ការ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ​ដោយ​ជោគជ័យ​។​

​ឯកឧត្តម​ ក៏​បាន​កោតសរសើរ​ដល់​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ដែល​បាន​សហការ​គ្នា​ល្អ​ក្នុង​ការ​រៀបចំ​បង្កើត​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​សារសំខាន់​នេះ​ឡើង​ ហើយ​ក៏​ជា​វគ្គ​គំរូ​មួយ​សម្រាប់​ការងារ​លើក​ស្ទួយ​ ពង្រឹងសមត្ថភាព​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ទូ​ទាំង​ប្រទេស​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ សង្ឃឹមថា​ ក្រោយ​ពី​បញ្ចប់​វគ្គ​នេះ​ទៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល​របស់​យើង​នឹង​មាន​មន្ត្រី​ ដែល​មាន​សមត្ថភាព​ជួយ​ការងារ​បម្រើសេវា​ប្រជាពលរដ្ឋ​ កាន់តែ​សកម្ម​ថែម​ទៀត​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ ក៏​បាន​ណែនាំ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​ធ្វើការ​ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​អាជ្ញាធរ​ រដ្ឋាភិបាល​ និង​ជាមួយ​ប្រជាពលរដ្ឋ​ ហើយ​ដើម្បី​ឲ្យ​កិច្ចការ​នេះ​ធ្វើ​ទៅ​បាន​ល្អ​ គ្រប់​ការងារ​ដែល​យើង​បំពេញ​ត្រូវ​គោរព​វិន័យ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​ វិជ្ជាជីវៈ​របស់​កងកម្លាំង​ គឺ​ត្រូវ​គោរព​ និង​អនុវត្ត​ដោយ​ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ​ រួសរាយ​រាក់ទាក់​ជាមួយ​ប្រជាពលរដ្ឋ​ និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ហើយ​ត្រូវ​មាន​អាកប្បកិរិយា​សុភាព​រាបសារ​ ស្លូតបូត​ ទន់ភ្លន់​ ថ្លៃថ្នូរ​ តែ​ម៉ឺងម៉ាត់​ក្នុង​ការងារ​ និង​មិន​លើកលែង​ចំពោះ​បទល្មើស​ ពិសេស​យកចំណេះ​ដឹង​ទាំងអស់​ដែល​ទើប​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​ ទៅ​បម្រើ​ជា​សកម្មភាព​ជាក់ស្តែង​។​

​ជាមួយ​គ្នា​នោះ​ ឯកឧត្តម​ បាន​ស្នើ​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំងអស់​ យកចិត្តទុកដាក់​គ្រប់គ្រង​ ដឹកនាំ​ប្រជា​ការពារ​ ព្រោះ​ប្រជា​ការពារ​មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ តែ​ក៏​ជា​កម្លាំង​ជំនួយ​ដ៏​សំខាន់​ជួយ​ដល់​សមត្ថកិច្ច​នូវ​រាល់​កិច្ច​ការងារ​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​។​ ឯកឧត្តម​ ក៏​សូម​ផ្តាំផ្ញើ​ដល់​លោកស្នងការ​ លោក​អធិការ​ រាជធានី​-​ខេត្ត​ទាំងអស់​ សូម​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ដល់​លោកនាយ​ប៉ុស្តិ៍​របស់​ខ្លួន​ កុំ​ឲ្យ​លោកនាយ​ប៉ុស្តិ៍​សំអាង​ទៅ​លើ​ប្រជា​ការពារ​ជា​កម្លាំង​ជំនួយ​ហើយ​ខ្លួន​ជា​នាយ​ប៉ុស្តិ៍​មិន​ចុះ​ជួប​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​។​

​ក្នុង​នាម​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​ បាន​ពាំនាំ​នូវ​ការ​កោតសរសើរ​ ផ្តាំផ្ញើ​លើកទឹកចិត្ត​ និង​សាកសួរ​សុខទុក្ខ​ ដល់​បងប្អូន​កងកម្លាំង​ ដែល​មាន​វត្ត​មាននៅ​ពេល​នេះ​ និង​ផ្ញើ​ជូន​ដល់​កងកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​ និង​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ជ័យ​លា​ភី​ទាំងអស់​គ្នា​ និង​ប្រសិទ្ធពរ​ជ័យ​ សិរី​បវរ​គ្រប់​ប្រការ​ សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​នេះ​ ទទួល​បាន​ជោគជ័យ​ សុខភាព​ល្អ​គ្រប់ៗ​គ្នា​ និង​សម្រេច​អ្វីៗ​តាម​បំណងប្រាថ្នា​រៀងៗ​ខ្លួន​ ៕

អត្ថបទដែលជាប់ទាក់ទង