ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការសហប្រជាជាតិ នឹងបន្តជំរុញ និងលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល

50

 

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក ចូសែហ្វ សូវ័រ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល លោក ទើបកាន់តំណែងថ្មី កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។

ក្នងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក ចូសែហ្វ សូវ័រ ដែលមានបទពិសោធន៍ និងជំនាញក្នុងការចូលរួមចំណែកដល់មាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ រវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ជាពិសេស ការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ឯកឧត្ដម មានសុទិដ្ឋិនិយមថាអង្គការសហប្រជាជាតិ នឹងបន្តជំរុញ និងលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗសម្រាប់ការអនុវត្តគម្រោងមានផលជាវិជ្ជមានសម្រាប់មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង