ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងទុកថានឹងកើនត្រឹមកម្រិត ៧ភាគរយក្នុងឆ្នាំ២០១៨

196

ភ្នំពេញ៖ ក្នុងអំឡុងកន្លះឆ្នាំដំបូងនៃឆ្នាំ២០១៨ កំណើននៃការនាំចេញផលិតផល សំលៀកបំពាក់ បន្តសម្រេចបានកំណើនខ្ពស់ ជាលើកទីពីរក្នុងពីរឆ្នាំជាប់គ្នា។ ការវិនិយោគផ្ទាល់ពីបរទេស និងប្រាក់បញ្ញើរបស់ផ្នែកឯកជន មានកំណើន១៤,៣ភាគរយ និង២២,៤ ភាគរយ (មួយឆ្នាំលើមួយឆ្នាំ) រៀងៗខ្លួន។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងទុកថានឹងកើនត្រឹមកម្រិត ៧ភាគរយក្នុងឆ្នាំ២០១៨ ប្រៀបទៅនឹង៦,៩ភាគរយ ក្នុងឆ្នាំ២០១៧ ឈរលើទស្សនៈសុទិដ្ឋិនិយមរបស់វិនិយោគិន និងការកើនឡើងចំណាយរបស់រដ្ឋាភិបាល។ និន្នាការនេះនឹងរួមចំណែកធ្វើឱ្យភាពក្រីក្របន្តធ្លាក់ចុះថែមទៀត។ ប៉ុន្តែ ការកើនឡើងនៃឱនភាពសារពើពន្ធ និងការខូចខាត បន្ទាប់បន្សំពីសង្គ្រាមពាណិជ្ជកម្មសកល ជាហានិភ័យចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ច របស់កម្ពុជា ទៅថ្ងៃមុខ។
នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ច ប្រចាំតំបន់ចុងក្រោយ របស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៨ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៅតែបន្តមានភាពរឹងមាំ ជំរុញមួយផ្នែកធំដោយសារតម្រូវការនៅក្រៅប្រទេស។ ការនាំចេញសំលៀកបំពាក់ ទំនិញសម្រាប់ការធ្វើដំណើរ និងផលិតផលស្បែកជើង កើនបាន ១៦,២ភាគរយ (មួយឆ្នាំលើមួយឆ្នាំ) ក្នុងអំឡុង៦ខែដំបូងនៃឆ្នាំ២០១៨ ” ជាកំណើនពីរឆ្នាំជាប់គ្នា” គឺកើនពី៨,៣ភាគរយ នៅចុងឆ្នាំ២០១៧។ ស្របគ្នាជាមួយនិន្នាការនេះដែរ ការនាំចូលក្រណាត់ ដែលជាធាតុចូលចម្បង សម្រាប់ផលិតសំលៀកបំពាក់ កើន ៣៧,១ភាគរយ ក្នុងអំឡុងប្រាំមួយខែដំបូងក្នុងឆ្នាំ២០១៨ ដែលជាកំណើនបីឆ្នាំជាប់គ្នា។ ក្នុងអំឡុងប្រាំមួយខែដំបូងនៃឆ្នាំ២០១៨នេះដែរ ការមកដល់ភ្ញៀវទេសចរកើនដល់ ៣លាននាក់។ តួលេខនេះតំណាងឱ្យកំណើន ១៣,៦ភាគរយ (មួយឆ្នាំលើមួយឆ្នាំ) ប្រៀបធៀបនឹងកំណើន ១១,៨ភាគរយ ក្នុងឆ្នាំ២០១៧ ក្រោមសម្ទុះកំណើនខ្លាំង នៃការមកដល់តាមជើងអាកាស របស់ទេសចរមកពីប្រទេសចិន។
លំហូរចូលមូលធននៅតែបន្តកើន ហើយជញ្ជីងពាណិជ្ជកម្មនៅមានស្ថេរភាព។ ឱនភាពគណនីចរន្តរីកធំបន្តិចក្នុងអំឡុងពាក់កណ្តាលទីមួយនៃឆ្នាំ២០១៨ ប៉ុន្តែត្រូវបានបំពេញហិរញ្ញវត្ថុមកវិញ ដោយលំហូរចូលរបស់ការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ភាពជឿជាក់លើប្រព័ន្ធធនាគារនៅតែបន្តរក្សាភាពរឹងមាំដដែល ហើយប្រាក់តម្កល់របស់ផ្នែកឯកជន ភាគច្រើនជាដុល្លារអាមេរិក កើន២២,៤ភាគរយ (ឆ្នាំលើឆ្នាំ) គិតត្រឹមខែមិថុនាឆ្នាំ២០១៨។ ធនបម្រុងដុលអន្តរជាតិកើនដល់ ៩ប៊ីលានដុល្លារអាមេរិក ឬសមមូលទៅនឹងប្រហែលរយៈពេល៦ខែនៃតម្លៃនៃការនាំចូល។ រូបិយបណ្ណប្រាក់រៀល ដែលត្រូវបានក្រិតទៅតាមប្រាក់ដុល្លារដោយសារតែដុល្លាររូបនីយកម្មខ្លាំងពេករបស់សេដ្ឋកិច្ច នៅរក្សាលំនឹង នៅក្នុងអត្រាប្តូរប្រាក់ ៤០៦៣រៀលក្នុងមួយដុល្លារ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០១៨ ប្រៀបទៅនឹង ៤០៣៧រៀលក្នុងមួយដុល្លារ នៅចុងខែធ្នូ ឆ្នាំ២០១៧។

ប្រភពដដែល ​បានបន្តថា លំហូរចូលការវិនិយោគពីបរទេសផ្ទាល់ធំៗ បន្តធ្វើជាគ្រឹះទ្រទ្រង់ដល់សកម្មភាពអភិវឌ្ឍន៍សំណង់។ ការវិនិយោគពីបរទេសផ្ទាល់ ត្រូវបានប្រមាណឃើញថា បានកើនជិត១៤,៣ភាគរយ (ឆ្នាំលើឆ្នាំ) ក្នុងអំឡុងប្រាំមួយខែដំបូងនៃឆ្នាំ២០១៨។ ជាងពាក់កណ្តាលនៃការហូរចូលទឹកប្រាក់វិនិយោគក្នុងផ្នែកនេះ គឺមកពីប្រទេសចិន ហើយវាត្រូវបានតម្រង់ទិសទៅលើការអភិវឌ្ឍសំណង់ អគារពាណិជ្ជកម្ម និងអគារស្នាក់នៅ ព្រមទាំង មួយផ្នែកតូចណាមួយនោះ ទៅលើផ្នែកផលិតកម្ម និងកសិកម្ម។ ចំណុចគោលដៅទាក់ទាញខ្លាំង ដែលកំពុងលេចធ្លោក្នុងកំណើននៃវិស័យនេះ រួមមានទីរួមខេត្តព្រះសីហនុ ដែលទឹកប្រាក់នៃការវិនិយោគបរទេសផ្ទាល់ មានការអនុម័តរួច មានចំនួន១២៦លានដុល្លារអាមេរិក គ្រាន់តែក្នុងខែមិថុនា ឆ្នាំ២០១៨ តែប៉ុណ្ណោះ។

កំណើនឥណទានមានភាពស្រាកស្រាន្តបន្តិច ខណៈដែលតម្រូវការក្នុងស្រុកបានកញ្ជ្រោលឡើង ដែលជាកម្លាំងរុញដល់សកម្មភាពសេដ្ឋកិច្ច។ ខណៈដែលកំណើនឥណទានក្នុងស្រុកបង្អន់ល្បឿនបន្តិចមកនៅត្រឹម ១៧,៤ភាគរយ (មួយឆ្នាំលើមួយឆ្នាំ) ក្នុងខែមិថុនា ឆ្នាំ២០១៨ មួយផ្នែកដោយសារតែការដាក់ឲ្យអនុវត្តអត្រាការប្រាក់ពិដាន តម្រូវការក្នុងស្រុកបានស្ទុះឡើង។ ការនាំចូលយានយន្ត និងដែកថែប ដែលស្ទង់ដឹងអំពីការប្រើប្រាស់ និងសំណង់ក្នុងស្រុក បានកើនឡើងយ៉ាងឆាប់រហ័ស ដោយកើនជិត ៨១,៤ភាគរយ និង ៥០ភាគរយ នៅក្នុងខែមិថុនា ឆ្នាំ២០១៨ រៀងៗខ្លួន។ ការកើនឡើងថ្លៃម្ហូបអាហារ និងសេវាទឹកភ្លើង បានរុញអតិផរណាឡើងទៀត ធ្វើឱ្យវាកើនដល់ ២,៩ភាគរយ (ឆ្នាំលើឆ្នាំ) ក្នុងខែមិថុនា ឆ្នាំ២០១៨ ពី២,២ភាគរយ ក្នុងខែធ្នូ ឆ្នាំ២០១៧។

ការរើបឡើងវិញផ្នែផលិតកម្មវិស័យកសិកម្ម ទំនងជាបានជួយទប់ការធ្វើចំណាកស្រុកចេញក្រៅ។ តម្លៃទាបរបស់ផលិតផលកសិកម្ម និងឥទ្ធិពលអាក្រក់របស់ផ្នែកឧតុនិយម (ដូចជាព្រឹត្តិការណ៍អាកាសធាតុ អ៊ែលនីញ៉ូ) ក្នុងអំឡុងឆ្នាំ២០១៤ និង២០១៥ បាននាំឱ្យការធ្វើចំណាកស្រុកកើនឡើងខ្ពស់។ ការរើបឡើងវិញរបស់ផលិតកម្មកសិកម្មក្នុងឆ្នាំ២០១៦ និង២០១៧ អមដោយទស្សនវិស័យសេដ្ឋកិច្ចប្រសើរជាងមុនផង ត្រូវបានគេជឿថាបានរួមចំណែកធ្វើឱ្យ ពលករខ្លះវិលត្រលប់មកពីប្រទេសថៃវិញ ទន្ទឹមនឹងការធ្លាក់ចុះនៃប្រាក់ផ្ញើពីក្រៅរបស់ពលករ ផង។

ការប្រមើលអនាគត គឺផ្អែកលើមូលដ្ឋាននៃសកម្មភាព នាំចេញដែលមានភាពប្រសើរ ជាងការរំពឹងទុក ការកើនឡើងក្នុងតម្រូវការប្រើប្រាស់ និងទស្សនៈសុទិដ្ឋិនិយមរបស់វិនិយោគិនផង ការប្រមើលកំណើនត្រូវបានសើរើកែតម្រូវឱ្យខ្ពស់វិញ។ លើការទ្រទ្រង់ដោយការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងទុកថានឹងបង្កើនល្បឿនបន្តិចទៀត រហូតដល់ទៅ ៧ភាគរយ នៅក្នុងឆ្នាំ២០១៨នេះ ប្រៀបទៅនឹង ៦,៩ភាគរយ ក្នុងឆ្នាំ២០១៧ (តួលេខកែតម្រូវផ្លូវការ)។ ដោយសារតម្រូវការប្រើប្រាស់លើសកលលោកឡើងដល់កំពូលក្នុងឆ្នាំនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកថានឹងនៅរក្សាភាពស្វាហាប់ដដែល មុននឹងថមថយបន្តិចមកនៅ ៦,៨ភាគរយ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ កំណើនសេដ្ឋកិច្ចខ្លាំង ត្រូវបានរំពឹងទុកថានឹងនាំឱ្យមានការធ្លាក់ចុះនៃភាពក្រីក្របន្តទៀត។

គោលនយោបាយវិត្ថារកម្មសារពើពន្ធ (បង្កើនការចំណាយ) បានពង្រឹងមូលដ្ឋានទ្រទ្រង់ដល់ការប្រើប្រាស់។ នាំមុខដោយផ្នែកបៀវត្ស និងការវិនិយោគសាធារណៈ ការចំណាយសាធារណៈ ត្រូវបានគ្រោងថវិកាឱ្យកើនគួរឱ្យកត់សម្កាល់ក្នុងឆ្នាំ២០១៨ រហូតដល់ទៅ ២៤,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) កើនពី ២២,៧ភាគរយ ក្នុងឆ្នាំ២០១៧។ ដូច្នេះ ឱនភាពសារពើពន្ធរួម (រាប់ទាំងជំនួយឥតសំណងផង) ត្រូវបានរំពឹងទុកថានឹងរីកធំដល់ទៅ ៤,២ភាគរយ ក្នុងឆ្នាំ២០១៨ កើនពី១,៦ភាគរយ ក្នុងឆ្នាំ២០១៧។ ទ្រនាប់សារពើពន្ធក្នុងទម្រង់ជាទុនតម្កល់របស់រដ្ឋាភិបាលនៅក្រាស់ក្រែលដែរ មានប្រហែលជា១៣ភាគរយនៃផ.ស.ស គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៨។ កម្រិតតានតឹងផ្នែកបំណុលរបស់កម្ពុជានៅទាបនៅឡើយ
បើយោងតាមការវិភាគនិរន្តរភាពបំណុលដោយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (2017 WB/IMF Debt Sustainability Analysis) ឆ្នាំ២០១៧។
ហានិភ័យ និងបញ្ហាប្រឈមគឺ ហានិភ័យធំជាងគេចេញមកពីលទ្ធិការពារនិយមដែលកំពុងតែលេចធ្លោឡើង និងការសើរើដែលអាចកើតមាន ចំពោះភាពអនុគ្រោះរបស់កម្ពុជា ក្នុងការទទួលបានលទ្ធភាព ចូលទៅកាន់ទីផ្សារនៃបណ្តាសេដ្ឋកិច្ចជឿនលឿន។ ការដំឡើងតារាងវាយពន្ធនៅក្នុងបណ្តាសេដ្ឋកិច្ចជឿនលឿន នឹងជះឥទ្ធិពលទៅលើកម្ពុជាដោយប្រយោលតែប៉ុណ្ណោះ។ ម៉្យាង អាចនឹងមានសក្តានុពលវិជ្ជមានក្នុងផ្នែកពាណិជ្ជកម្ម និងការបង្វែរទុនវិនិយោគពីប្រទេសចិន នៅក្នុងរយៈពេលខ្លីណាមួយ។ ប៉ុន្តែ ផ្ទុយទៅវិញ សង្គ្រាមពាណិជ្ជកម្មនឹងបង្កភាពបន្ទុចបង្អាក់ដល់ខ្សែចង្វាក់តម្លៃសកល នឹងធ្វើឱ្យវិនិយោគិនធ្លាក់ទឹកចិត្ត ដែលជះផលប៉ះពាល់អាក្រក់មកលើកម្ពុជា និងប្រទេសផ្សេងទៀតដែលតម្រង់ទិសសេដ្ឋកិច្ចទៅរកការនាំចេញ។
ការស្រុតចុះគំហុកណាមួយក្នុងសេដ្ឋកិច្ចនៃប្រទេសចិនអាចធ្វើឱ្យធ្លាក់ទឹកចិត្តខ្លាំង ក្នុងទស្សនវិស័យស្តីពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងសេណារីយោដែលសេដ្ឋកិច្ចចិនធ្លាក់ចុះគំហុកខ្លាំង កម្ពុជានឹងរងនូវការធ្លាក់ចុះនៃចំនួនមកដល់របស់ភ្ញៀវទេសចរ និងការធ្លាក់ចុះវិនិយោគបរទេសផ្ទាល់ ធ្វើឱ្យមានឧបសគ្គដល់កំណើនសេដ្ឋកិច្ច។ ម៉្យាងវិញទៀត ឥទ្ធិពលតាមរយៈច្រកពាណិជ្ជកម្មនឹងស្ងប់ទៅវិញ ដោយសារតែការពឹងអាស្រ័យទាបទៅលើប្រទេសចិន ថាជាគោលដៅមួយសម្រាប់ការនាំចេញ។ យ៉ាងណាក៏ដោយ ជាការសំខាន់ដែលត្រូវកត់សម្គាល់ទុកថា នៅក្នុងបរិបទនៃទីផ្សារហិរញ្ញវត្ថុមិនទាន់ស៊ីជម្រៅខ្លាំង ប្រទេសកម្ពុជាហាក់ដូចជាប្រឈមតិចតួចណាស់ ទៅនឹងលក្ខខណ្ឌចុះដុនដាបផ្នែកហិរញ្ញវត្ថុសកលលោក និងភាពឆាប់ប្រែប្រួលក្នុងទីផ្សារមូលធន បើប្រៀបជាមួយនឹងប្រទេសជិតខាងខ្លួន។

ដើម្បីរក្សាឱ្យបានកំណើនរឹងមាំក្នុងរយៈពេលមធ្យម ប្រទេសកម្ពុជា ចាំបាច់ត្រូវកៀរគរការសន្សំសំចៃ ក្នុងស្រុក ដើម្បីជំរុញការវិនិយោគថែមទៀត។ កម្ពុជានៅយឺតជាងគេនៅឡើយក្នុងបណ្តាប្រទេស ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក កាលណាគេនិយាយអំពីគុណភាពរបស់ហេដ្ឋារចនាសម្ព័ន្ធ ហើយនៅពឹងផ្អែកខ្លាំងលើជំនួយ និងហិរញ្ញប្បទានពីបរទេស ដើម្បីសាងសង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ការពូនគរទុនមូលធនជារួម ដែលស្ថិតនៅក្រោម២០ភាគរយនៃផ.ស.ស ក្នុងប៉ុន្មានឆ្នាំនេះ នៅមានល្បឿនយឺតជាប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ឬថៃ នៅឡើយ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបានជួបឧបសគ្គ មួយផ្នែកណានោះ ដោយសារតែប្រាក់សន្សំក្នុងស្រុកមានតិចពេក។ ដើម្បីរក្សាឱ្យបានកំណើនសេដ្ឋកិច្ចលឿន និងបន្ថយការពឹងពាក់ខ្លាំងហួសហេតុទៅលើមូលធនមកពីក្រៅ ប្រទេសកម្ពុជាចាំបាច់ត្រូវបង្កើនការសន្សំ និងការវិនិយោគក្នុងស្រុក រាប់ទាំងតាមរយៈការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ ការអភិវឌ្ឍទីផ្សារបំណុលក្នុងស្រុក និងការពង្រឹងការអនុវត្តគ្រប់គ្រងលើការវិនិយោគសាធារណៈ ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង