ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លឹបអ្នកកាសែត​កម្ពុជា និង សមាគម​អ្នកកាសែតវៀតណាម ពង្រឹងសហប្រតិបត្តិការ​រវាង​អ្នកកាសែត​នៃប្រទេស​ទាំងពីរ

91

វៀតណាម៖ក្លឹបអ្នកកាសែត​កម្ពុជា (CCJ) បានចុះហត្ថលេខា​លើអនុស្សរណៈ យោគយល់ មួយជាមួយ​សមាគម​អ្នកកាសែតវៀតណាម (VJA) នៅថ្ងៃពុធទី​៤​ខែតុលានេះ នៅក្នុងទីក្រុងហាណូយ ស្តីពី​ការ​ពង្រឹងសហប្រតិបត្តិការ​រវាង​អ្នកកាសែត​នៃប្រទេស​ទាំងពីរ។

ប្រតិភូ​ក្លឹបអ្នកកាសែត​កម្ពុជាកំពុងបំពេញទស្សនកិច្ច​ពីថ្ងៃទី​៣ដល់ថ្ងៃទី​៦​ខែតុលា​ នៅក្នុងទីក្រុងហាណូយ​ប្រទេស​វៀតណាម​ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​ កិច្ចសហប្រតិបត្តិការ​ រវាង​អ្នកកាសែត​នៃប្រទេស​ជិតខាង​ទាំងពីរ។ នៅថ្ងៃទី​៤​ខែតុលានេះ​ លោក ពុយ គា ដែលជាអគ្គលេខាធិការ​នៃ​ក្លឹបអ្នកកាសែត​កម្ពុជា ហើយកំពុងដឹកនាំប្រតិភូ​អ្នកកាសែត​កម្ពុជា នៅក្នុងទីក្រុងហាណូយនោះ បានចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ស្តីពី​សហប្រតិបត្តិការ​ នៃសមាគម​អ្នកកាសែតទាំងពីរ​ ជាមួយ​លោក Ho QUANG LOI អនុប្រធានប្រចាំការ​នៃសមាគម​អ្នកកាសែតវៀតណាម។

ប្រធានប្រតិភូ​ក្លឹបអ្នកកាសែតកម្ពុជា​ លោក ពុយ គា បាន​មានប្រសាសន៍នៅមុខសមភាគី​ថា អ្នកកាសែត​កម្ពុជា និងអ្នកកាសែតវៀតណាម​ មួយចំនួន​ធ្លាប់បានស្គាល់គ្នា​ជាលក្ខណៈបុគ្គលហើយ។ ប៉ុន្តែ​លោកបន្តថា បន្ទាប់ពី​ការ​ចុះហត្ថលេខា​ផ្តើម​កិច្ចសហប្រតិបត្តិការនេះទៅ ការទំនាក់ទំនងគ្នារវាង​អ្នកកាសែត​នៃប្រទេស​ទាំងពីរ​ត្រូវបានដំឡើងដល់ថ្នាក់ស្ថាប័ន ដែល​នឹងពង្រីកថែមទៀត​នៃ​សាមគ្គីភាព និង​កិច្ចសហការ​រវាង​អ្នកកាសែត​ទាំងពីរប្រទេស។
លោក ពុយ គា បានបន្ថែម​យ៉ាង​ដូច្នេះថា៖«មិនត្រឹមតែក្នុងក្របខណ្ឌ​នៃ​អាជីព​សារព័ត៌មាននោះទេ ចាប់ពី​ពេល​នេះ​ទៅ​សមាគម​អ្នកកាសែត​ទាំងពីរប្រទេស នឹង​លើកទឹកចិត្ត​ឲ្យ​មានការសរសេរ​អត្ថបទដែល​ ជំរុញ​​​ការវិនិយោគរវាងប្រទេស​ទាំងពីរ»។

តាមរយៈការ​ចុះហត្ថលេខា​ លើកិច្ចសហប្រតិបត្តិការនេះ សមាគម​អ្នកកាសែត​វៀតណាម គឺ​ជា​ដៃគូ​ទីពីរនៅក្នុង​អាស៊ានរបស់ក្លឹបអ្នកកាសែត​កម្ពុជា​ បន្ទាប់ពី​ក្លឹបអ្នកកាសែត​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ​ សមាគម​អ្នកកាសែត​ថៃ​កាលពីឆ្នាំ​២០១១។
គួរបញ្ជាក់ផងដែរថា ទាំងក្លិបអ្នកកាសែត​កម្ពុជា សមាគមអ្នកកាសែតវៀតណាម និង​សមាគម​អ្នកកាសែត​ថៃ សុទ្ធតែជាសមាជិក​នៃសហព័ន្ធ​អ្នកកាសែត​អាស៊ាន (Confederation of Asean Journalists)។
ប្រតិភូក្លឹបអ្នកកាសែត​កម្ពុជា​ ដែលកំពុង​ទស្សនកិច្ច​នៅក្នុងប្រទេស​វៀតណាម​រួមមាន លោក ពុយ គា ជាអគ្គលេខាធិការ​ លោក ខៀវ កូឡា ជាសមាជិកគណៈកម្មការនាយក លោក គី សុខលីម ជាទីប្រឹក្សា លោក សំ ប៊ុនណាត និងលោក ប៊ិន ប៊ុនណា ជា​សមាជិក​សកម្ម៕

អត្ថបទដែលជាប់ទាក់ទង