ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំលើកទី១ ស្តីពីខ្លឹមសារ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ និងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍

183

ភ្នំពេញ៖ នៅវេលាម៉ោង ៣រសៀល ថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា មានរៀបចំកិច្ចប្រជុំលើកទី១ ស្តីពី ខ្លឹមសារ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ និងកិច្ចប្រជុំថ្នាក់ ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិ ភាគអាស៊ី-អាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន កាកបាទក្រហមកម្ពុជា លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃអនុក្រុមការងារខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយ នៃក្រុមការងារ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ និងក្នុងគណៈកម្មការរៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិ ភាគអាស៊ី-អាគ្នេយ៍ សរុបចំនួន ៣៩នាក់។

ជាកិច្ចចាប់ផ្តើម លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានអង្គប្រជុំបានពាំនាំប្រសាសន៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរ សុខទុក្ខ និងក្តីនឹករលឹកចំពោះសមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ និងបានជម្រាបជូនអំពីរបៀបវារៈ ប្រជុំដែលជាការអនុវត្តតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដូចតទៅ ៖

– ពិភាក្សាលើខ្លឹមសារ និងជំហានត្រូវអនុវត្តក្នុងការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០២៣ – ពិភាក្សាលើខ្លឹមសារ និងផែនការត្រូវអនុវត្តក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី៣៩

និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍

– បញ្ហាផ្សេងៗ

ក្នុងរបៀបវារៈទី១ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់ថា ពុំមានរៀបចំមិខ្ទីង ថ្នាក់ជាតិ ដើម្បីប្រារព្ធខួបទី១៦០ ទិវាពិភពលោកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ឡើយ។ ការប្រារព្ធគឺនៅរក្សាការអំពាវនាវកៀរគររកមូលនិធិដូចធ្លាប់បានធ្វើកាលឆ្នាំ២០២១ និង២០២២ដដែល។ ជាមួយគ្នានេះ ចាំបាច់យើងត្រូវមានប្រធានបទសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បំផុសការចូលរួមគាំទ្រដល់ សកម្មភាពមនុស្សធម៌ និងការរកមូលនិធិរបស់កាកបាទក្រហមកម្ពុជា។ ហេតុដូចនេះ លោកជំទាវកិត្តិសង្គហ បណ្ឌិត បានដាក់ជូនអង្គប្រជុំពិភាក្សាសេចក្តីព្រាងប្រធានបទសម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២៣ គឺ រួមគ្ន ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម ។ ប្រធានបទនេះ មានគោលបំណងបង្ហាញពីការ យកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ក្នុងការបំផុសកម្លាំងមហាជនចូលរួមលុបបំបាត់វិសមភាពនៅ ក្នុងសង្គមដែលបង្កដោយជំងឺកូវីដ-១៩ ហើយនៅក្នុងដំណាក់កាលដែលប្រទេសបានបើកឡើងវិញលើ គ្រប់វិស័យ កាកបាទក្រហមកម្ពុជាត្រូវចូលរួមចំណែកក្នុងការជួយដល់អ្នកងាយរងគ្រោះបំផុត ដែលមាន ជីវភាពលំបាក ដោយសារការបាត់បង់ការងារបាត់បង់ចំណូល និងបញ្ហាសេដ្ឋកិច្ចដែលបង្កដោយសង្គ្រាម ដោយមិនទុកនរណាម្នាក់ចោល។

ឆ្លងកាត់ការពិភាក្សា អង្គប្រជុំបានសម្រេចកំណត់ប្រធានបទសម្រាប់ខួបទី១៦០ នៃទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣.គឺរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ហើយដែលអង្គប្រជុំនឹងដាក់គោរពជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិនិត្យ និងសម្រេច។ ទន្ទឹមនឹងនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានណែនាំដល់ក្រុមការងារឱ្យបន្តចងក្រងឯកសារទស្សនាទាន ដើម្បីឈានដល់ការផ្សព្វផ្សាយតាមសាកល វិទ្យាល័យ និងតាមបណ្ដាខេត្តមួយចំនួន ក៏ដូចជាវិធីសាស្ត្រក្នុងការផ្សព្វផ្សាយបង្ហាញពីសកម្មភាពរបស់ កាកបាទក្រហមកម្ពុជា តាមរយៈការចុះធ្វើបទយកការណ៍ និងការចងក្រងឯកសារសមិទ្ធផលជាដើម។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានសំណូមពរដល់មន្ត្រីដែលត្រូវចុះទៅផ្សព្វផ្សាយ និងអ្នកត្រូវធ្វើអត្ថាធិប្បាយ ត្រូវពន្យល់បកស្រាយឱ្យបានច្បាស់លាស់អំពីប្រធានបទ ដើម្បីឱ្យប្រជាជនបាន យល់ច្បាស់ ជាពិសេសគឺសប្បុរសជនដើម្បីឱ្យមានការចូលរួម។

លោកជំទាវ ម៉ែន នារីសោភ័គ ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍អនុក្រុមការងារខ្លឹមសារ ព័ត៌មាន និង ផ្សព្វផ្សាយ បានបញ្ជាក់ជូនអង្គប្រជុំថា ផ្អែកលើប្រធានបទនេះ ក្រុមការងារនឹងបន្តធ្វើការងារបន្ថែម ចងក្រង ឯកសារទស្សនទាន និងកំណត់ការចេញផ្សាយសេចក្តីប្រកាសព័ត៌មាន នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។

ឈានដល់ របៀបវារៈទី២ លោកជំទាវ ម៉ែន នារីសោភ័គ បានធ្វើសេចក្តីរាយការណ៍ស្តីពីវឌ្ឍនភាព ការងារនៃការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។ កិច្ចប្រជុំលើកទី២០ ឆ្នាំ២០២៣នេះ គឺជាជុំទី៣ ដែលកាកបាទក្រហមកម្ពុជា ធ្វើជា ម្ចាស់ផ្ទះ។ ការងារចំពោះមុខនេះ លោកជំទាវ បានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់អគ្គលេខាធិការដ្ឋាន និងកាលបរិច្ឆេទកំណត់ព្រឹត្តិការណ៍សំខាន់ៗដើម្បីឈានឆ្ពោះទៅកិច្ចប្រជុំលើកទី២០ ដូចជា កិច្ចប្រជុំត្រីភាគី និងសហព័ន្ធអន្តរជាតិ (TROIKA) ៣លើក, កិច្ចប្រជុំរវាងថ្នាក់ដឹកនាំសមាគមជាតិតាមអនឡាញ ១លើក និងការពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំសមាគមជាតិ ៦លើក ដើម្បីពិនិត្យ និងផ្ដល់យោបល់លើលក្ខខណ្ឌ ព្រមព្រៀង (Term of Reference), កម្មវិធី (Agenda) និងសេចក្តីព្រាងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ (Phnom Penh Statement) ជាដើម។

បន្ថែមពីនេះ អង្គប្រជុំបានពិភាក្សាអំពីបញ្ហាការប្រែប្រួលអាកាសធាតុ ដែលកាកបាទក្រហមកម្ពុជា ត្រូវបន្តធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាជននៅមូលដ្ឋានឱ្យបានកាន់តែស៊ីជម្រៅ និង ទូលំទូលាយ ហើយក៏ជាចំណុចដែលកាកបាទក្រហមកម្ពុជា បានដាក់សំណើទៅសហព័ន្ធអន្តរជាតិ ដើម្បី ដាក់បញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សារបស់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ផងដែរ។

ពាក់ព័ន្ធនឹងវេទិកាយុវជនលើកទី២ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងជាប្រធាន អនុគណៈកម្មការវេទិកាយុវជន បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ និងផែនការសកម្មភាពដែល ក្រុមការងារយុវជនត្រូវអនុវត្តបន្ត រួមមាន ៖ រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលយុវជនជាភ្នាក់ងារនៃការ ផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន (ToT of YABC), វគ្គបណ្តុះបណ្តាលយុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថ ជាវិជ្ជមាន (ToPE of YABC), និងឯកសារទស្សនទានស្ដីពីវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។

ជាទីបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះសមាជិក សមាជិកា នៃអង្គប្រជុំ ដែលបានចូលរួមបញ្ចេញមតិដោយស្មារតីសាមគ្គីភាព មិត្តភាព ស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែង ដើម្បីឱ្យការងារដែលយើងត្រូវអនុវត្តបន្តឱ្យ ទទួលបានជោគជ័យ។

អត្ថបទដែលជាប់ទាក់ទង