ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូតថៃថ្មីសន្យានឹង ជំរុញទំនាក់ទំនងរដ្ឋសភាកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំឡើង

95

 

ភ្នំពេញ៖ ឯកអគ្គរាជទូតថ្មីប្រទេសថៃប្រចាំកម្ពុជាសន្យាថា នឹងជំរុញទំនាក់ទំនងរដ្ឋសភាកម្ពុជា-ថៃឱ្យកាន់តែរឹងមាំឡើង ។
ការសន្យានេះខណៈសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក ឈើតគៀត អាតថាករ (CherdKiat ATTHAKOR) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភាមានសេចក្តីសោមនស្សរីករាយនិងសូមស្វាគមន៍ អបអរសាទរចំពោះ លោក ឈើតគៀត អាតថាករ ដែលត្រូវបានរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ តែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចគូសបញ្ជាក់ថា ព្រះរាជាណាចក្រទំាងពីរ បានភ្ជាប់ចំណង ការទូតជាមួយគ្នាជាង៧៣ឆ្នំាមកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។
សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់ការបន្តជំរុញ លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទំាងពីរ ដែលមានស្រាប់ ឱ្យបានកាន់តែល្អប្រសើរថែម មួយកម្រិតទៀត។
លោក ឈើតគៀត អាតថាករ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម ជួបសម្តែងការគួរសមនាឱកាសនេះ។ លោក បានបញ្ជាក់ថា លោក ពិតជាមានកិត្តិយសយ៉ាងធំធេង ដែលបានមកបំពេញបេសកកកម្មការទូតនៅកម្ពុជា។ លោកសន្យាថា នឹងខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការពង្រឹងពង្រីក ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ និងរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ផងដែរ។
ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈររបស់កម្ពុជា។ ជាមួយគ្នានេះ លោកក៏សូមអបអរសាទរចំពោះជោគជ័យដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)។ សម្តេចហេង សំរិន មានប្រសាសន៍លើកឡើងថា បច្ចុប្បន្នទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំងគួរអោយកត់សម្គាល់ ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍រួមទំាងវិស័យផ្សេងៗទៀតជាច្រើន។ រាជរដ្ឋាភិបាលទាំងពីរ បានដាក់ចេញនូវផែនការដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយការអនុវត្តជាក់ស្តែងមានកំណើនវិជ្ជមាន។ ដោយឡែកសម្រាប់រដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានបន្តអនុវត្តជាមួយគ្នាយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ទាំងនៅលើវេទិកាអន្តរសភា ក្នុងតំបន់ និងសកលលោក។ ការគាំទ្រគ្នាទៅវិញទៅ មក លើវិស័យការទូតសភារបស់រដ្ឋសភាយើងទាំងពីរបាននាំមកនូវប្រសិទ្ធភាពយ៉ាងធំធេង ដល់ការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្រតិបត្តិប្រទេសទាំងពីរ។
សម្តេចប្រធានរដ្ឋសភា គំាទ្របេសកកម្មការទូតរបស់ឯកឧត្តមឈើតគៀត អាតថាករ និងជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង