ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ អំពាវនាវឲ្យអាជ្ញាធរ និងប៉ុស្តិ៍រដ្ឋបាល ត្រូវចេះសហការដោះស្រាយបញ្ហាប្រឈមតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ដើម្បីប្រឡងប្រណាំងឃុំសង្កាត់បម្រើសេវាល្អប្រចាំ២០២៣បន្តទៀត

88

 

(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រកាសជ័យលាភីការអនុវត្តចលនាប្រឡងប្រណាំងឃុំ/សង្កាត់ បម្រើសេវាល្អប្រចាំឆ្នាំ២០២២។ ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការ នៅសាលពិភពមង្គល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន បានអបអរសាទរជ័យលាភីឃុំ/សង្កាត់ទាំង៣ របស់ខេត្តព្រះសីហនុ ដែលបានដាក់ឱ្យដំណើរការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២កន្លងមក។

ឯកឧត្តមបានណែនាំដល់មេឃុំចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលត្រូវចេះឈ្វេងយល់បន្ថែម ស្តីពីការបំរើសេវាសាធារណតាមយន្តការច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ហើយថ្ងៃនេះយើងបានធ្វើការជួបជុំគ្នាក្នុងការ លើកទឹកចិត្ត នៃការខិតខំបំរើសេវាសាធារណនៅឆ្នាំ២០២២ មានរយៈពេលជាង ៤ខែកន្លងមកនេះ ប្រសិនបើយើងមិនចេះប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញនូវគោលនយោបាយប្រកបដោយ ប្រសិទ្ធិភាព ប្រសិទ្ធិផល តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន។

អភិបាលខេត្តសង្ឃឹមថា នៅឆ្នាំ២០២៣ ការអនុវត្តចលនាប្រឡងប្រណាំងឃុំ/សង្កាត់ បំរើសេវាល្អទទួលបានលទ្ធផលផ្លែផ្កាបន្ថែមទៀតដូច្នេះ មេឃុំ ចៅសង្កាត់ ស្មៀន និងប៉ុស្តិ៍រដ្ឋបាលត្រូវចេះសហការគ្នា ដើម្បីដោះស្រាយបញ្ហា ប្រឈមនៅក្នុងមូលដ្ឋានជូនពួកគាត់ឱ្យមានទំនុកចិត្ត ហើយលទ្ធផល នៃការប្រឡងប្រណាំងឃុំសង្កាត់ដែលទទួលបានចំណាត់ថ្នាក់នាពេលនេះ ជាសូចនាករថ្មីមួយទៀតសម្រាប់យើងទាំងអស់គ្នាបំពេញតួនាទី ភារកិច្ចកាន់តែល្អប្រសើរនៅពេលខាងមុខ។

សូមបញ្ជាក់ថា ការប្រឡងប្រណាំងឃុំសង្កាត់ដែលបំរើសេវាសាធារណល្អទទួលបានជ័យលាភីនៅក្នុងខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២២ គឺលេខ១ បានទៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ទទួលបានថវិកាលើកទឹកចិត្ត ៥០លានរៀល ប័ណ្ណសរសើរមួយ លេខ២បានទៅឃុំអូរឧកញ៉ាហេង ទទួលបានថវិកាលើកទឹកចិត្តចំនួន៣០លានរៀល ប័ណ្ណសរសើរមួយ និងលេខ៣ ឃុំរាម ទទួលបានថវិកាលើកទឹកចិត្ត ២០លានរៀល និងប័ណ្ណសរសើរមួយ។

បន្ទាប់មកអភិបាលខេត្ត ក៏បានផ្តល់ផ្តល់ម៉ាស៊ីនហ្វូតូកូពីជូនឃុំ សង្កាត់ចំនួន២១ ក្នុងចំណោមឃុំសង្កាត់ទាំង២៩ នៃខេត្តព្រះសីហនុដែលបានស្នើសុំកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង