ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ចុងសប្តាហ៍នេះ

114

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្ដម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន ខណៈដែលឆ្នាំ២០២៣នេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

តាមការប្រកាសរបស់ក្រសួងការបរទេស, លោក ប្រាក់ សុខុន នឹងមានជំនួបជាមួយលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន នឹងត្រូវលើកយកមកពិភាក្សា។

ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុន លោកឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា និងសមាគមជប៉ុន-កម្ពុជា។ លោកក៏នឹងចូលរួមជាអធិបតីក្នុងពិធីជប់លៀងរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលរៀបចំឡើងនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងតូក្យូ ផងដែរ។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចរបស់ លោក ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ នឹងបន្តការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនូវទំនាក់ទំនងល្អប្រពៃ ដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងនាពេលថ្មីៗនេះ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង