ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់​មេដាយ​មាស​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ សាលី អ៊ូមើត ​ឈ្នះ​មេដាយ​ប្រាក់​ពិភពលោក

178


ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី៥ខែតុលាឆ្នាំ២០១៨នេះ បានប្រកាសថា វីរកីឡាករ​ សាលី អ៊ូមើត ម្ចាស់​មេដាយ​មាស​កីឡាអាស៊ី Asian Games ឆ្នាំ២០១៨ ​ឈ្នះ​​ដាយ​ប្រាក់​ ១ គ្រឿង​ជូន​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​កីឡាម៉ូតូ​ទឹក​ ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​ ឆ្នាំ​២០១៨ នៅ​សហរដ្ឋអាមេរិក​ កាល​ពី​ល្ងាច​មិញ។ ​នេះបើ​តាម​ការ​ឲ្យ​ដឹង​ពីកីឡាករ​ សាលី អ៊ូមើត​ នា​ព្រឹក​ថ្ងៃ​ទី​ ៥ ខែ​ តុលា​ នេះ។

អ៊ូមើត ​បាន​ឲ្យ​ដឹង​ថា​ មេ​ដាយ​ប្រាក់​ខ្លួន​ដណ្ដើម​បាន​ពេលនេះ គឺ​ លើ​វិញ្ញាសា Ski Modified ដូច​​កាល​ខ្លួន​​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ ដែរ ដោយ​មានកីឡាករ​មកពី ៦៣​ប្រទេស​លើពិភពលោកចូលរួម។ ​យ៉ាង​ណា​ក្ដី​ រូបគេ​ បានសម្ដែងការសោកស្ដាយ​ជា​ខ្លាំង ដែល​មិន​អាចដណ្ដើមបានមេដាយមាស ជូន​​កម្ពុជា ស្រប​ពេល​កន្លង​មក​ ​អ៊ូមើត ធ្លាប់​ចូល​រួម​ចំនួន ៣​លើក​ ​រួច​មក​ហើយ។​

កីឡាករ​ជួយ​ឲ្យ​កម្ពុជា ​បង្កើត​កំណត់​ត្រា​ប្រវត្តិសាស្ដ្រ ​៦៤ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​អា​ស៊ី​ ដដែល ​បាន​បញ្ជាក់​ពី​មូល​ហេតុ មិន​ទទួល​បាន​មេដាយ​មាស ដោយ​ធ្លាក់​ទៅ​កណ្ដាប់ដៃរបស់កីឡាករម្ចាស់ផ្ទះ​អាមេរិក​ថា ​ទម្រាំដណ្ដើមបានមេដាយប្រាក់​លើក​នេះ ខ្លួន​បាន​ខំប្រឹងខ្លាំងណាស់ ព្រោះ​កម្លាំង​ម៉ូតូទឹករបស់ខ្លួន ​មាន​កម្លាំងខ្សោយជាង​កម្លាំង​ម៉ូតូ​របស់​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក ហើយ​ ​ការ​កែ​ម៉ាស៊ីន និង​ប្រើ​ឧបករណ៍​ពិសេស​ ធ្វើ​ឲ្យ​ម៉ូតូ​របស់​គេ​មាន​ល្បឿន​លឿនទ្វេដង។

យ៉ាង​ណា​មិញ​ អ៊ូមើត​ នៅ​មិនទាន់បញ្ចប់​បេសកកម្ម សម្រាប់​ចូល​រួម​ក្នុង​នាម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​​នេះ​ទេ ​ដោយ​​នៅ​សល់ ២វិញ្ញាសាទៀត ត្រូវ​ធ្វើ​ការ​ប្រកួត​បន្ដ គឺ​ វិញ្ញាសា M Pro Ski Stock និង Expert Limited ហើយ​កីឡាករមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំនេះ ក៏បាន​ប្ដេជ្ញាចិត្តនឹង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​ល្អ ដើម្បី​ស្វែង​រក​មេដាយ​មាស​ជូន​ជាតិ​ នៅ​ក្នុង​ការ​ប្រកួត​កីឡាម៉ូតូទឹក​ជ្រើសរើសជើង​ឯកពិភពលោក ឆ្នាំ២០១៨ ​នៅ​​សហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង