ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិច ៖ ទីផ្សារចំណីសត្វនៅកម្ពុជា មានសក្តានុពល និងតម្រូវការខ្ពស់

226


ភ្នំពេញ៖ លោករដ្ឋមន្រ្តីកសិកម្ម បានបញ្ជាក់ថា កម្ពុជាកំពុងមានតម្រូវការ វិនិយោទុន លើការអភិវឌ្ឍន៍ទំនើបកម្មកសិកម្ម ដើម្បីជំរុញកំណើន វិស័យកសិកម្ម ឲ្យស្របទៅនឹងរបត់កំណើនសេដ្ឋកិច្ច ព្រមទាំងអាចរត់ទាន់ ស្ថានភាព នៃការអភិវឌ្ឍន៍ក្នុងតំបន់។

លោករដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិច (USABC) ពាក់ព័ន្ធទៅនឹងគោលនយោបាយអាទិភាព និងឱកាសក្នុងការវិនិយោគវិស័យកសិកម្មនៅកម្ពុជា កាលពីថ្ងៃទី១២ខែតុលា។

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិច បានកត់សម្គាល់ឃើញថា ទីផ្សារចំណីសត្វនៅកម្ពុជា មានសក្តានុពល និងតម្រូវការខ្ពស់ ថែមទាំងតម្រូវឲ្យមានការវិនិយោគ លើផ្នែកបច្ចេកវិទ្យាទំនើប ដែលនេះជាកត្តាទាក់ទាញ ដល់សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិច។ ក្រៅពីនេះ USABC ក៏មានការចាប់អារម្មណ៍ ទៅលើការពង្រឹងសុវត្ថិភាពចំណីអាហារ និងការជំរុញផលិតភាព ផលិតផលកសិកម្ម ដែលជាចំណុចសំខាន់ៗ ដែលបណ្តាប្រទេសអាស៊ាន បាននិងកំពុងយកចិត្តទុកដាក់។

ឆ្លៀតក្នុងឱកាសនេះ តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានបង្ហាញនូវឆន្ទៈ ក្នុងការសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូឯកជន។ ដោយឡែកអគ្គនាយកដ្ឋាន បានបញ្ជាក់ថា កម្ពុជាមានច្បាប់ និងលិខិតបទដ្ឋាន ក្នុងការគ្រប់គ្រងត្រួតពិនិត្យ លើការងារចិញ្ចឹមសត្វ សុខភាពសត្វ និងសុខភាពសាធារណៈ ចំណីសត្វ និងបសុឳសថ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី កម្ពុជា នៅមានតម្រូវការរៀបចំលិខិតបទដ្ឋានបន្ថែមទៀត ដើម្បីឲ្យការគ្រប់គ្រងមានប្រសិទ្ធភាព ជាពិសេសលើសុវត្ថិភាពម្ហូបអាហារ។ ក្នុងករណីនេះកម្ពុជា បានស្នើដល់វិស័យឯកជន ជួយគាំទ្រដល់ការបណ្តុះបណ្តាលសមត្ថភាពមន្រ្តី និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់វិភាគកាកសំណល់ ក្នុងសាច់សត្វ និងផលិតផលសត្វ។

USABC ក៏មានផែនការសហការ ជាមួយស្ថានទូតអាមេរិច នៅកម្ពុជា ក្នុងការរៀបចំធ្វើយុទ្ធនាការ ផ្សព្វផ្សារយពីសុវត្ថិភាព ចំណីអាហារនៅកម្ពុជា ក្នុងអំឡុងដើមឆ្នាំ២០១៩ ខាងមុខនេះ។ លើសពីនេះ USABC ក៏គ្រោងនឹងធ្វើការរៀបចំសិក្ខាសាលា ពាក់ព័ន្ធទៅនឹងស្តង់ដារគុណភាព ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិ ប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍន៍ពូជ ដែលធន់ទ្រាំ នឹងការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង