ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា កំពុងធ្វើការបម្រើផលប្រយោជន៍ប្រជាជនខ្មែរ ក្នុងភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយសមាភាគី សហភាពអឺរ៉ុប

99


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើការបម្រើផលប្រយោជន៍ប្រជាជនខ្មែរប្រកបដោយជោគជ័យ ទាំងកិច្ចគ្រប់គ្រងរដ្ឋ ក៏ដូចជាកិច្ចការទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការ ក្នុងភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយសមាភាគី សហភាពអឺរ៉ុប។ នេះ​បើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០១៨។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ ទាក់ទងទៅនឹងកម្មវិធី ពន្ធអនុគ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជា (អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ “EBAs”) គឺមិនបានធ្វើឱ្យកម្ពុជា មានការព្រួយបារម្ភហួសហេតុ ឬបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចនោះឡើយ។ ពីព្រោះយោងទៅតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហភាពអឺរ៉ុប ចំពោះពន្ធអនុគ្រោះ EBAs គឺមានគោលការណ៍ និងទិសដៅ “សម្រាប់ផ្ដល់ឱ្យប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDCs)” ដូចជា ប្រទេសកម្ពុជា ហើយក៏ជាប្រទេស ដែលនាំមុខគេ ក្នុងការផ្តល់សច្ចាប័ន នៃកិច្ចព្រមព្រៀង ជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដែលជាកត្តាចម្បងមួយ ក្នុងការទទួលបានពន្ធអនុគ្រោះពាណិជ្ជកម្ម EBAs នេះ។

លោកអ្នកនាំពាក្យរដ្ឋាភិបាល បានបន្ថែមថា កម្ពុជា ក៏បាននឹងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុប ទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីផលប្រយោជន៍រួមគ្នាទៅវិញទៅមក។
នៅក្នុងស្ថានភាពនេះ សហភាពអឺរ៉ុប និងកម្ពុជា នៅតែបន្តរក្សាភាពជាដៃគូ ក្នុងកិច្ចសន្ទនា ដើម្បីថែរក្សាផលប្រយោជន៍រួម ដែលកើតចេញពីពន្ធអនុគ្រោះ (EBAs) ជាមួយនិងកិច្ចធានានូវអធិបតេយ្យ និងឯករាជ្យភាពរៀងៗខ្លួន ។
សម្រាប់កម្ពុជា គឺនៅតែគោរព និងវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយអង្គការពលកម្មអន្តរជាតិ(ILO) ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងកិច្ចរួមគា្ន ដើម្បីសិទ្ធិសេរី និងជីវភាពថ្លៃថ្នូររបស់កម្មករ កម្មការីនី ដែលជាបុព្វហេតុ និងឧត្តមប្រយោជន៍របស់កម្ពុជា និង សហភាពអឺរ៉ុប ដែលបានប្តេជ្ញាអភិវឌ្ឍន៍ និងការពារ រហូតដល់ទទួលបានជោគជ័យជាប្រយោជន៍រួមនាបច្ចុប្បន្ននេះ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានកិតិ្តយស និងសេចក្តីរីករាយ សូមជម្រាបជូនដល់ជនរួមជាតិទាំងអស់ កុំឱ្យមានការព្រួយបារម្ភតាមរយៈការវិភាគ និងការវាយតម្លៃមិនសមហេតុផល ស្តីពីពន្ធអនុគ្រោះ EBAs។ ហើយពន្ធអនុគ្រោះនេះ គឺមាននីតិវិធីក្នុងការអនុវត្ត ឬការដោះស្រាយ ដែលនឹងត្រូវចំណោយពេលវែងឆ្ងាយទៅមុខទៀត ក្នុងកិច្ចសហប្រតិបត្តិការ រវាងភាគីសហភាពអឺរ៉ុប និងកម្ពុជា ។ នៅក្នុងន័យនេះ ដំណើរការនៃ ផលិតកម្មឧស្សាហកម្ម វាយណភ័ណនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអឺរ៉ុបនោះ មិនទាន់មានផលប៉ះពាល់អវិជ្ជមានណាមួយនោះទេ ខណៈដែលភាគីពាក់ព័ន្ធកំពុងតែធ្វើការពិភាក្សា និងដោះស្រាយ ទៅតាមនីតិវិធី នៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ស្ដីពីការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធ (EBAs) នេះ ។
ក្នុងឋានៈជាប្រទេសអធិបតេយ្យមួយ កម្ពុជាត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍ ឯករាជ្យ អធិបតេយ្យ និងបូរណភាពរបស់ខ្លួន ដូចដែលបានចែង នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈដែលកម្ពុជាធ្វើការ ក្នុងភាពស្មើមុខមាត់ជាមួយសហគមន៍អន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង