ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផឹកស៊ីអួតគ្នានិយាយភាសាថៃ កើតទំនាស់ កាប់៤ពូថៅ រយះក្បាលបុរសម្នាក់

108

ខេត្តព្រៃវែង ៖ យុវជន២នាក់ ដែលទើបមកពីប្រទេសថៃ បានបបួលគ្នាផឹករហូតដល់ស្រវឹងជោក ស្រាប់តែលែងនិយាយភាសាខ្មែរ បែរជាក្លែមអួតភាសាថៃ ឌឺដងដាក់គ្នារឿងចេះច្រើនចេះតិច ស្រាប់បុរសម្នាក់ទាញពូថៅ កាប់រយះ ក្បាលហូរឈាម ហើយរត់គេចបាត់ ឯអ្នករបួសត្រូវបញ្ជូលមកព្យាបាលនៅមន្ទីរពេទ្យនារាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២តុលា នៅផ្ទះជនរងគ្រោះ ដែលស្ថិតក្នុងភូមិចំបក់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធី ចាន់ធូ អាយុ២៩ឆ្នាំ ត្រូវជនបង្កកាប់ចំនួន៤ពូថៅ ត្រូវក្បាល៣ពូថៅ និងដៃស្តាំ១ពូថៅ ចំណែកជនបង្កឈ្មោះ ដែន ប៊ុនណែត ភេទប្រុស អាយុ២៥ឆ្នាំ។ អ្នកទាំង២មានទីលំនៅក្នុងភូមិជាមួយគ្នា។

លោកអធិការនគរបាលស្រុកកញ្ជ្រៀច បានឲ្យដឹងថា ជនបង្កនិងជនរងគ្រោះ ជាមិត្តភក្តិនឹងគ្នា និងបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថែជាមួយគ្នា ហើយមិនដែលមកផ្ទះវិញទេ គឺទើបតែបុណ្យភ្ជំបិណ្ឌឆ្នាំនេះ ពួកគេនាំគ្នាត្រឡប់មកផ្ទះវិញ។ នៅមុនពេលកើតហេតុនោះ ជនបង្ក និងជនរងគ្រោះ ព្រមទាំងបងប្រុសជនរងគ្រោះម្នាក់ទៀត បាននាំគ្នាផឹកស៊ីសប្បាយលក្ខណៈមិត្តភក្តិដូចសព្វមួយដង ដោយគ្មានបញ្ហាអ្វីទេ ប៉ុន្តែពេលផឹកស្រវឹងស្រឿងៗ ស្រាប់តែជនបង្កនិងជនរងគ្រោះ លែងនិយាយភាសាខ្មែរ បែរជានិយាយតែភាសាថៃ។ លុះមួយសន្ទុះក្រោយមកស្រាប់តែជនបង្ក ងើបដើរចេញទៅបាត់ នៅសល់តែជនរងគ្រោះនិងបងប្រុសអង្គុយផឹក២នាក់។ មួយសន្ទុះក្រោយមក ក៏ឃើញជនបង្កត្រឡប់មកវិញ កាន់ពូថៅនៅក្នុងដៃ ស្ទុះមកកាប់សន្ធាប់លើជនរងគ្រោះ ត្រូវចំនួន៤ពូថៅ បែកក្បាលហូរឈាមជោកខ្លួន និងស្រោចជោកពេញដី ត្រូវក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជនបង្កបានរត់គេចខ្លួនបាត់។

សមត្ថកិច្ច កំពុងកសាងសំណុំរឿង និងតាមរកចាប់ខ្លួនជនបង្ក ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង