ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជញ្ជីងថ្លឹងរថយន្តលើសទម្ងន់ នៅតាមស្ថានីយថ្លឹងរថយន្ត ចំនួន១៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយសារលួចឆ្កឹះជញ្ជីងបញ្ចុះទម្ងន់

360


ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជាសាធារណថា មន្ដ្រីជញ្ជីងថ្លឹងរថយន្តលើសទម្ងន់ នៅតាមស្ថានីយថ្លឹងរថយន្ត ចំនួន១៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួមរាល់អស់ ដោយសារពួកគេលួចឃុបឃិតជាមួយក្រុមហ៊ុនដឹកជញ្ជូន ឆ្កឹះជញ្ជីងបញ្ចុះទម្ងន់ សម្រាប់ថ្លឹង។

ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានជួសជុល ផ្លូវជាតិលេខ៤៨ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់មន្ដ្រី នៅតាមស្ថានីយថ្លឹងរថយន្តទាំងអស់ ត្រូវមានការប្រយ័ត្នប្រយែង ដោយសារនាពេលថ្មីៗនេះ ឃើញព័ត៌មានចេញផ្សាយថា អស់លោកឲ្យឡាន ចេញទៅឲ្យតែបានលុយ មិនបាត់ថឹ្លងទេ បញ្ហាទាំងនេះ ត្រូវបញ្ចប់ជាបន្ទាន់។
លោកបានបន្ដថា ក្រសួងសាធារណការ ក៏បានខិតខំធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានមន្ដ្រីជញ្ជីងថឹ្លងរថយន្ត អនុញ្ញាតឲ្យរថយន្ដដឹកទំនិញធ្ងន់ៗ ចូលថឹ្លងមិនបានត្រឹមត្រូវ ដូច្នេះ ក្រុមការងារ នៃក្រសួងសាធារណការ ត្រូវចុះពិនិត្យតាមដានកាំមេរ៉ា នៅតាមជញ្ជីងថ្លឹងរថយន្ត ហើយមន្ដ្រីក្រសួងសាធារណការទាំងអស់ ត្រូវនាំគ្នា ចូលរួមទប់ស្កាត់ រថយន្ដដឹកលើសទម្ងន់ ដើម្បីការពារផលប្រយោជន៍ជាតិ។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “ កុំថាយើងខ្ញុំ មិនអនុវត្តន៍ តាមផ្លូវច្បាប់ឲ្យសោះ យើងធ្វើការពិភាក្សាគ្នា ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ មួយចំនួនរួចហើយ។ ខ្ញុំសូមជម្រាបថា មន្ដ្រីជញ្ជីង ខ្ញុំបានដូរម្ដងហើយ ១៤នាក់ បានដកចេញជាបន្ទាន់ ដោយសារមានបញ្ហាហ្នឹង ហើយមន្ដ្រីជញ្ជីង១៤នាក់ សំណុំរឿងនៅតុលាការនៅឡើយទេ មិនទាន់រួចខ្លួនទេ អ្នកដែលឆ្កឹះជញ្ជីង បញ្ចុះទម្ងន់ ១៤នាក់ បានបញ្ជូនទៅតុលាការហើយ។ ដូច្នេះសូមមន្រ្តីក្រសួងទាំងអស់ឲ្យយល់ដល់ថ្នាក់ដឹកនាំផង គឺថ្នាក់ដឹកនាំអនុគ្រោះឲ្យ និងពន្យល់ហើយពន្យល់ទៀត ហើយនៅទីបញ្ចប់មិនព្រមអនុវត្តន៍ គឺខ្ញុំត្រូវប្រើធម៌ក្តៅហើយ គឺអនុញ្ញាតឲ្យមន្រ្តីក្រសួងសាធារណការ ចូលរួមបំផ្លាញផ្លូវរបស់ខ្លួនឯង។ ដាច់ខាតមិនអាចធ្វើអីចឹងបានទេ ។ សំណុំរឿង១៤នេះ មិនទាន់ចប់ទេ អស់លោកទាំង១៤នាក់ ហើយបើ១៤នាក់នេះមិនទាន់ដោះស្រាយចប់ ហើយ១៤នាក់ផ្សេងទៀតចង់ធ្វើទៀត សូមអញ្ជើញមក ហើយចាំយើងខ្ញុំធ្វើតាមនីតិវិធី តាមផ្លូវច្បាប់ ដូច្នេះសូមឲ្យច្បាស់ជាមួយគ្នាតែម្តង “។

លោករដ្ឋមន្រ្តី ក៏បានស្នើសូមដល់ មន្រ្តីនៃក្រសួងសាធារណការនិងដឹកជញ្ជូនទាំងអស់ ចូលរួមទប់ស្កាត់ការដឹកទំនិញ លើសទម្ងន់នេះបំផ្លាញផ្លូវជាតិ ដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង រកថវិកាជាតិ ជំនួយឥតសំណង និងបា្រក់កម្ចី ដើម្បីការពារទ្រព្យសម្បត្តិរបស់ជាតិ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា “យើងខ្ញុំនឹងខិតខំទប់ស្កាត់កុំមន្រ្តីសាធារណការ នៅឈរជើងនៅកន្លែងជញ្ជីញ អនុញ្ញាតឲ្យរថយន្តឆ្លងកាត់ ដោយមិនបានថ្លឹងត្រឹមត្រូវ អីចឹងត្រូវតែត្រួតពិនិត្យមើលប្រព័ន្ធកាម៉េរ៉ាឡើងវិញ “។

លោកបានសូមអំពាវនាវដល់ក្រុមហ៊ុនដឹកទំនិញ សូមមេត្តាអាណិតអាសូផ្លូវផង អាណិតរាជរដ្ឋាភិបាលផង ដែលខិតខំប្រឹងប្រែងរកថវិកាមកកសាងផ្លូវឲ្យយើង ធ្វើដំណើរបានល្អ ដឹកទំនិញបានល្អ ដើម្បីសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ សូមកុំរកយកចំណេញតែខ្លួនឯង គិតប្រទេសជាតិផង សូមកុំដឹកទំនិញលើទម្ងន់ដែលកំណត់ដោយច្បាប់ ។ ម្យ៉ាងទៀត សំណូមពរដល់ការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស កែច្នៃរថយន្ត និងដឹកទំនិញលើសទម្ងន់ ដែលដឹកនាំលោកសេង ឈួន មេត្តាពង្រឹងប្រសិទ្ធភាពការងារនេះឲ្យបានច្បាស់ រឹងមាំជាងមុន ចាប់រថយន្តដែលដឹកលើសទម្ងន់ឲ្យបានអស់ ។ សូមបញ្ជាក់ថា អត់មានកាងទេ គឺចាប់ទាំងអស់ អត់មានរថយន្តអ្នកនេះ រថយន្តអ្នកនោះ ឲ្យតែលើសទម្ងន់គឺចាប់ទាំងអស់ ហើយជាពិសេសមន្រ្តីនៅតាមបណ្តាស្ថានីយ៍ថ្លឹងរថយន្តនីមួយៗ សូមមេត្តាប្រយ័ត្នប្រយែង ដោយសារតែយើងខ្ញុំក៏បានឮព័ត៌មានមួយចំនួនថា អស់លោកឲ្យឡានចេញទៅ ឲ្យតែឲ្យលុយមិនបាច់ថ្លឹងទេ ។ សូមបញ្ចប់ជាបន្ទាន់ យើងខ្ញុំមិនអនុញ្ញាតបន្តទៀតបានទេ កុំឲ្យសោះ ត្រូវតែថ្លឹងទាំងអស់ កុំយកលុយកន្លែងជញ្ជីងហ្នឹង ខ្ញុំបានមើលទាំងហ្វេសប៊ុកផង និងព័ត៌មានផង បានលើកឡើងថា កន្លែងនេះ កន្លែងនោះ គឺឲ្យគេបើកពេលយប់ មិនបាច់ថ្លឹងទេ គឺឲ្យតែលុយ ប៉ុន្តែខ្ញុំមិនដឹងថា រឿងនេះពិត ឬមិនពិតនោះទេ ប៉ុន្តែសូមសំណូមពរដល់មន្រ្តីទាំងអស់ ចូលរួមទប់ស្កាត់ការដឹកទំនិញលើសទម្ងន់នេះ៕

អត្ថបទដែលជាប់ទាក់ទង