ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា គ្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំលើកទី២ សង្រ្គោះយន្តហោះ ជួបឧបទ្ទវហេតុនៅខេត្តព្រះសីហនុ នាខែវិច្ឆិកា

389

ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៃកម្ពុជា នឹងសហការជាមួយ អាជ្ញាធរខេត្តព្រះសីហនុ គ្រោងរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ លើកទី២ ដើម្បីសង្រ្គោះយន្តហោះ ពេលមានជួបឧបទ្ទវហេតុ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ (កងកេង) នៅដើមខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា “ការរៀបចំធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនេះ ខាងអាកាសចរណ៍ស៊ីវិល សំណូមពរឲ្យគ្រប់ស្ថាប័នអង្គភាពជំនាញនៅទូទាំងខេត្តព្រះសីហនុ ចូលរួមសហការឲ្យបានស្រុះដៃគ្នា ដើម្បីចូលរួមសង្រ្គោះក្នុងករណីកើតមានឧបទ្ទវហេតុយន្តហោះកើតឡើងជាយថា ហេតុណាមួយកើតឡើង”។

ប្រភពដដែលបន្ដថា នៅថ្ងៃកំណត់មកដល់គ្រប់អង្គភាពសង្រ្គោះដែលមានមូលដ្ឋាននៅ ព្រះសីហនុ ត្រូវចាប់ផ្តើមចេញប្រតិបត្តិការព្រមៗគ្នា ពីគ្រប់ច្រកល្ហក ដើម្បីឆ្ពោះទៅកាន់គោលដៅកើតឧបទ្ទវហេតុដែលមានសកម្មភាពដូចជា៖ ការចេញប្រតិបត្តិការសម្រួលចរាចរណ៍របស់កម្លាំងនគរបាល , ការចេញដំណើររបស់រថយន្តពន្លត់អគ្គិភ័យដោយមានបន្លឺស៊ីរ៉ែនពីគ្រប់អង្គភាព (ដូចជាក់ស្តែង) , ការចេញដំណើររបស់រថយន្តពេទ្យសង្រ្គោះមានបន្លឺ សំឡេងស៊ីរ៉ែនពីគ្រប់មន្ទីរពេទ្យរដ្ឋ គ្លីនិកឯកជន មណ្ឌលសុខភាព និងពីគ្រប់ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធដែលមានទីតាំងនៅជិតកន្លែងកើតហេតុ , ការចេញដំណើររបស់រថយន្តកងទ័ពដឹកជញ្ជូនកម្លាំងសង្រ្គោះ(កងទ័ពជើងទឹកកងរាជអាវុធហត្ថ , កងទ័ពតំបន់សឹកខេត្ត កងកម្លាំងនគរបាលខេត្ត , សកម្មភាពដឹកជញ្ជូនជនរងគ្រោះ (សិប្បនិម្មិត) ទៅកាន់គោលដៅសង្រ្គោះ។

ក្នុងពេលប្រតិបត្តិការនេះ អ្នកធ្វើចរាចរណ៍លើដងផ្លូវនានា ត្រូវជួយសម្រួលបើកផ្លូវឲ្យក្រុមការងារអនុវត្តបានលទ្ធផលល្អ និងជៀសវាងបានករណីគ្រោះថ្នាក់ពិតដែលកើតចេញពីសកម្មភាពធ្វើលំហាត់ប្រឌិតនេះ ជាពិសេសស្នើដល់មហាជនទាំងអស់កុំមានការយល់ច្រឡំ ហើយផ្សព្វផ្សាយថា ជាហេតុការណ៍ពិតឲ្យសោះ ៕

អត្ថបទដែលជាប់ទាក់ទង