ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ ចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងមជ្ឈិមសម្ព័ន្ធកុម្មុយនីស្តហូជីមិញ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ និងបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ ២០២៣-២០២៨ ។
នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ដឹកនាំដោយ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ និងបានថ្លែងនូវការអបអរសាទរចំពោះការរៀបចំមហាសន្និបាតមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ដែលបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងផ្លែផ្កា ព្រមជាមួយនឹងការអបអរសាទរដល់ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ ដែលទទួលបាននូវការតែងតាំងជាផ្លូវការជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។
ជាការឆ្លើយតប ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលធំៗជាច្រើនដែលកម្ពុជាសម្រេចបានក្នុងរយៈកាលកន្លងមក រួមមាន៖ ការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩, ការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញជាប្រក្រតី, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, កិច្ចប្រជុំអន្តរសភាអាយប៉ាលើកទី៣២, ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ ក៏ដូចជាការត្រៀមខ្លួនឆ្ពោះទៅការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលឆាប់ៗខាងនេះផងដែរ។ ភាពជោគជ័យទាំងនេះ ពិតជាបានលើកកម្ពស់នូវតួនាទី និងកិត្យានុភាពរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោប្រធានគណបក្ស។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានបង្ហាញនូវជំនឿជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ ផងដែរ។
ភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង ឱ្យកាន់តែល្អប្រសើរ និងឈានឆ្ពោះឡើងកម្រិតថ្មីមួយទៀត។
បន្ទាប់ពីជំនួបពិភាក្សានេះ, ភាគីទាំងពីរ ក៏បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងមជ្ឈិមសម្ព័ន្ធកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ២០២៣-២០២៨។