ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកមូលនិធិស៊ីក្លូ នៅរាជធានីជិត៣០០នាក់ ទទួលបានអាវភ្លៀង មី និង ថវិកា របស់សម្តេចតេជោហ៊ុន សែន ខណៈរដូវវស្សាមកដល់

65

ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៩នាក់ ទទួលបានអាវភ្លៀង មី និង ថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ខណៈរដូវវស្សាបានឈានមកដល់ ។

ថវិការនិងសម្ភារៈទាំងនេះត្រូវបានលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងអោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាប្រគល់ជូនពួកគាត់នារសៀលថ្ងៃអាទិត្យទី២៨ ឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។

លោកម៉េត មាសភក្តី បានមានប្រសាសន៍អោយដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកអោយលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង២៩៩នាក់បានទទួល អាវភ្លៀង មី និង ថវិការ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ថែមពីលើការឧបត្ថមប្រចាំខែរបស់ពួកគាត់ ។អំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបានអាវភ្លៀង១ ថវិកាចំនួន៥ម៉ឺនរៀលនិងមី១កេស ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺអោយតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណប. ស. ស ដើម្បីឲ្យបងប្អូន អាចទៅព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋនានា ។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤
៥ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកម្លេះ៕

អត្ថបទដែលជាប់ទាក់ទង