ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូលនិធិគន្ធបុប្ផាកម្ពុជា ជូនដំណឹងស្ដីពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា

75

 

រាជធានីភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្ដីពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជន សប្បុរសជនទាំងក្នុង និងក្រៅប្រទេស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាបថា: ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា, មូលនិធិ- គន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញផ្សព្វផ្សាយនានារួមមានទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាម ផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា, ធនាគារដៃគូរ, និងក្រុមហ៊ុនដៃគួរសហការ ក៏ដូចជាតាមរយៈសារព័ត៌មានជា ច្រើនផងដែរ។

សូមជម្រាបជូនថា យុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែល ត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរតរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្ដល់ក្ដីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាមេរិក។

ក្នុងឆ្នាំ២០២៣ នេះ ក៍មិនខុសពីឆ្នាំ២០២២ដែរ, មូលនិធិគន្ធបុប្ផាកម្ពុជា គ្រោងរៀបចំយុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់”ជាថ្មីម្ដងទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយសង្ឃឹមយ៉ាងមុតមាំថា សប្បុរសជន នឹងចូលរួមកាន់តែច្រើនថែមទៀតក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគត ដ៍ភ្លឺស្វាងរបស់កម្ពុជា តារយៈការរក្សាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅ ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ជូនថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។

ក្នុងន័យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមជូនដំណឹងដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និង សប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្គ្រោះកុមារ។ ថវិកាបិរច្ចាគរបស់លោកអ្នក ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង