ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីផឹកស្រាស្រវឹងយកទឹកក្តៅជះប្រពន្ធ ពេលនាងស្តីបន្ទោសរឿងដើរលេងផឹកស៊ី

110


បាត់ដំបង៖​ អ្នកក្លាហានជាប្តីដែលបានផឹកស្រាស្រវឹងយកទឹកក្តៅជះប្រពន្ធបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលស្រុកឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃអាទិត្យ​ ទី១៤​ ខែតុលាឆ្នាំ២០១៨​ វេលាម៉ោង​១២៖៣០នាទី​ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ ១នាក់ក្រោយប្រើអំពើហិង្សាលើប្រពន្ធ​ ដោយវាយដំនិងស្រោចទឹកក្តៅលើខ្លួន​ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ខណៈនាងស្តីបន្ទោសរឿងដើរលេងផឹកស៊ីជាមួយមិត្តភក្តិ។

លោកវរសេនីយ៍ឯក​ ផង់​ សុភាព​ អធិការនគរបាលស្រុកថ្មគោល​ បានអោយដឹងថា​ កម្លាំងជំនាញនៃអធិការនគរបាលស្រុក​ បានឃាត់ខ្លួនជនសង្ស័យជាប្តីឈ្មោះ​ ឌិន​ ប្រុស​ ភេទប្រុស​ អាយុ​ ២៥ឆ្នាំ​ រស់នៅភូមិអូរតាគី​ ឃុំអូរតាគី ស្រុកថ្មគោល​ ក្នុងករណីហិង្សាដោយចេតនា​ដោយវាយដំនិងស្រោចទឹកក្តៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ​ សិទ្ធ​ រស្មី​ ភេទស្រី​ អាយុ​ ៣៦ឆ្នាំ​ រស់នៅភូមិឃុំខាងលើ។ ជនរងគ្រោះរងរបួសរលាកនៅត្រង់មុខខាងឆ្វេង​ ខ្នង​ និងជើងខាងឆ្វេង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា​ មូលហេតុនៃករណីហិង្សាខាងលើ ​គឺបណ្តាលមកពីប្តីផឹកស្រាស្រវឹង ប្រពន្ធឃើញដូចនេះ ក៏បានណែនាំកុំឲ្យផឹកច្រើនពេក​ ប្តីបែរជាកំរោលចូល ខឹងប្រពន្ធ វាយនិងយកទឹកក្តៅ មកជះលើប្រពន្ធតែម្តង។ បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀប ចំសំណុំរឿងបញ្ជូន មកសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង