ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ប៊ុនធីរក្សាតំណែងកំពូលបានឬទេ ?

126

​ភ្នំពេញ:ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី២០តុលា នេះអ្នកប្រដាល់សូត្រ ប៊ុនធីរបស់កម្ពុជាត្រូវគេជឿថា នឹងឈរជើងក្នុងតំណែង កំពូលរបស់ពូលកម្ពុជាបានតទៅទៀតជាមិនខាន ។

​សូត្រ ប៊ុនធីត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាត ម៉ាហា(Phat Maha)ដែល២ប្រកួត របស់អ្នកប្រដាល់
ថៃរូបនេះមិនត្រឹមតែចាញ់២ ប្រកួតប៉ុណ្ណោះទេ តែចាញ់ដោយសន្លប់ទាំង២ប្រកួត ។ចំពោះសូត្រ ប៊ុនធីវិញ២ប្រកួត
របស់គេឈ្នះទាំង២ប្រកួតចំពោះផាត ម៉ាហាគេគិតជាមិនមែនជាឧបសគ្គ របស់ប៊ុនធីឡើយ ហើយអ្នកប្រដាល់ថៃរូប
នេះអាចនឹងត្រូវប៊ុនធីវាយ ឲ្យសន្លប់មុនទឹកទី៥ទៀតផង ។

​ប៊ុនធីទោះបីការប្រកួតរបស់គេមិនសូវវាងវៃ ក៏ពិតមែនតែអ្នកប្រដាល់រូបនេះ មានស្នៀតជង្គង់ និងកែងល្អខ្លាំង
ណាស់គ្រាន់តែពេលខ្លះ គេវ៉ៃចេញច្រើនពេកដោយមិនសូវបានផល ។មិនតែប៉ុណ្ណោះគេមិនសូវចេះ ផ្លាស់ប្ដូរឥរិយាបទ
ប្រកួតទៅតាមការប្រែប្រួល របស់គូប្រកួតឡើយ ។
អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន១១១ដង ឈ្នះ៨៧ដង ចាញ់២០ដង ស្មើពិន្ទុ៤ដងនិងវាយ គូប្រកួតឲ្យសន្លប់បានចំនួន២១ដង ។

​ចំពោះអ្នកប្រដាល់ថៃផាត ម៉ាហាគេមានផ្លែវ៉ៃល្អគ្រាន់ បើដែរតែគេជាអ្នកប្រដាល់ចិត្តតូច និងភាពអំណត់ក៏តូចដែរ គឺបើគូប្រកួតវ៉ៃចំខ្លាំងបន្តិចគេសន្លប់តែម្ដង ។អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះចំនួន៥៦ដង ចាញ់១១ដង និងស្មើពិន្ទុ១ដង ។គេជឿថាសូត្រ ប៊ុនធីនឹងឈ្នះឯផាត ម៉ាហានឹងបន្តចាញ់ ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរលី ភាក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះផាត ឆាយ៉ាភូមិ(Phat Chhayajphum) ។
លី ភា២ប្រកួតរបស់គេឈ្នះ ១ ប្រកួត និងចាញ់១ប្រកួតមុនទឹកទី៥ រីឯផាត ឆាយ៉ាកភូមិវិញ២ប្រកួតរបស់គេចាញ់ទាំង២ប្រកួត ។ផាត ឆាយ៉ាកភូមិគេចាញ់ទាំង២ប្រកួតមែនតែគេ ជាអ្នកប្រដាល់ដែលមិនស្រួលបង្ក្រាបនោះទេ គេមានផ្លែវ៉ៃល្អរហ័ស ។កែង និង ជង្គង់របស់គេមិនស្រួល ទប់ទល់ឡើយ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួត ចំនួន៨៦ដង ឈ្នះ៧០ដង ចាញ់១៥ដង និងស្មើពិន្ទុ១ដង ។​ចំពោះលី ភាវិញគេពេលខ្លះគេវ៉ៃបានល្អ តែពេលខ្លះគេវ៉ៃអន់តែម្ដង ។ អ្នកប្រដាល់កម្ពុជារូបនេះចូលចិត្តបើក
ការវាយប្រហារលើគូ​ប្រកួតមុនណាស់ពិសេស​​ គេចូលចិត្តវាយប្រហារជើងក្រោមគូប្រកួត ឯ ជើងក្រោមគេក៏ជ្រាយដែរ ។តែបើគូប្រកួតក្លាហានហើយហ៊ាន​ ច្រាស់សងមកវិញនោះចិត្តរបស់លី ភាស្រុតចុះតែម្ដង ។
​អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៤ដង ចាញ់១២ដង ។ការប្រកួតមួយនេះមិនទាន់ប្រាកដថាលី ភាឈ្នះនោះទេហើយក៏មិនទាន់ប្រាកដថាផាត ឆាយ៉ាកភូមិឈ្នះនោះដែរ ។

អត្ថបទដែលជាប់ទាក់ទង