ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការទូត EU មើលឃើញថា រុស្ស៉ីគ្មានឆន្ទៈចរចាទេ ព្រោះកំពុងព្យាយាមយកឈ្នះសង្រ្គាមអ៊ុយក្រែន នៅឡើយ

76

ព្រុចសែល៖ លោក ចូសេព បូរែល (Josep Borrell) ដែលជាប្រមុខការទូតរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា បើតាមការយល់ឃើញរបស់លោក គឺរុស្ស៉ីនឹងមិនមានឆន្ទៈចរចាគ្នាឡើយ ស្របពេលដែលខ្លួនកំពុងបន្តព្យាយាមយកឈ្នះ សង្រ្គាមនៅអ៊ុយក្រែននៅឡើយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

លោក បូរែល បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំកំពុងមើលឃើញការប្រមូលផ្តុំកងកម្លាំងនៅភាគីទាំងសងខាង រួមជាមួយឆន្ទៈដ៏ច្បាស់របស់រុស្ស៉ី ក្នុងការបន្តព្យាយាមយកជ័យជម្នះ ក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ រុស្ស៉ីនឹងមិនទាន់ព្រមចូលតុចរចាទេ រហូតទាល់តែខ្លួនបានខំប្រឹង​​ឱ្យអស់លទ្ធភាពសិន ដើម្បីព្យាយាមយកឈ្នះសង្រ្គាម»។ លោក បូរែល ក៏បានកត់សម្គាល់ដែរថា រុស្ស៉ីធ្លាប់បានឱ្យសញ្ញាជាដដែលៗរួចហើយថា នឹងមិន​បញ្ឈប់សង្រ្គាមឡើយ រហូតទាល់តែសម្រេចបានគោលដៅយោធារបស់ខ្លួន។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើ របស់លោកប្រមុខការទូតសហភាពអឺរ៉ុបកើតឡើង ស្របពេលដែលរុស្ស៉ីបានបង្កើនការវាយប្រហារតាមផ្លូវអាកាសសាជាថ្មី ដោយប្រើប្រាស់មីស៉ីលនិងយន្តហោះដ្រូនលើអ៊ុយក្រែន ខណៈដែលខាងទីក្រុងកៀវកំពុងត្រៀមលក្ខណៈបើកប្រតិបត្តិការវាយបក ដើម្បីដណ្តើមយកទឹកដីបន្ថែមទៀត ដែលបានធ្លាក់ទៅក្នុងដៃរុស្ស៉ី ត្រឡប់មកវិញ៕

អត្ថបទដែលជាប់ទាក់ទង