ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងការម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ

67

 

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ។

ពាក់ព័ន្ធនឹងកម្មវិធីខាងលើនេះ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ លោកឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធី ក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងការម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ
ខាងលើនេះផងដែរ។

ក្នុងពិធីនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងជុំវិញ ទីតាំងប្រារព្ធពិធី ដោយចាប់ពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ រហូតដល់កម្មវិធីត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប
មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ មក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ ។

ស្ពាននេះសាងសង់ ដោយ ក្រុមហ៊ុន OCICដោយប្រើរយៈពេលវេលា ២៨ ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ។

ដោយឡែកសម្រាប់ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ខែ ។

គួររំលឹកផងដែរថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាបនេះកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧ ហើយនឹងបើកម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ ជាមួយស្ពានអាកាសឫស្សីកែវព្រមៗគ្នាតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង