ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ទទួលបានប្លង់កម្មសិទ្ធចំនួន២៧១ប័ណ្ណ ដែលរង់ចាំអស់រយៈពេល១១ឆ្នាំ

76

ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាង២៧១ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងក៏មានការចូលរួមពីអភិបាលរងខេត្ត លោកអភិបាលស្រុក អាជ្ញាធរក្នុងមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើន។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះពិតណាស់ប្រាកដជានឹកដល់សម័យកាលសង្រ្គាមដែលដឹកនាំដោយរបប ប៉ុល ពត បានធ្វើឱ្យប្រទេសកម្ពុជា គ្មានសុខសន្តិភាព ស្ថេរភាពពេញលេញសិទ្ធិរស់រៀនមានជីវិត ជួបជុំគ្រួសារ គ្មានសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សង់ផ្ទះសំបែង បង្កបង្កើនផលបង្កើតមុខរបររស៊ីដើម្បីចិញ្ចឹមជីវិត។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដោយដៃម្ខាងទប់កុំឱ្យរបបខ្មែរក្រហម ត្រឡប់មកវិញ ដៃម្ខាងកសាងប្រទេសជាតិដែលទើបងើបពីគំនរផេះដែលបន្សល់ពីភ្លើងសង្គ្រាម។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោមដំបូលនៃសន្តិភាពជាង២០ឆ្នាំមកនេះ កម្ពុជាកំពុងតែអភិវឌ្ឍន៍ ជឿនលឿនស្ទើរតែគ្រប់វិស័យ ជាពិសេសសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋទូរទាំងប្រទេស ជាពិសេសលើកាងារមានសិទ្ធិរស់រៀន ការកាន់កាប់ដីធ្លី ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋម្នាក់ត្រូវរស់នៅ ឬកាន់កាប់អចលនវត្ថុទាំងអស់ត្រូវមិនមានទំនាស់មុននឹងក្រសួង និងពាក់ព័ន្ធបានចេញបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ជៀសវាងមានការប្រទាំងប្រទិចគ្នាដែលនាំឱ្យមានការលំបាកដល់ការសិក្សា វិនិច្ឆ័យ លើប្រវត្តដីធ្លីក្នុងការចេញបណ្ណ។
ឯកឧត្តម គួច ចំរើន ក៏សូមថ្លែងអរគុណនូវទឹកចិត្តបងប្អូនប្រជាពលរដ្ឋដែលរងចាំអស់រយៈពេល ១១ឆ្នាំ សម្រាប់ការចេញប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លីជូនដល់បងប្អូនទល់មកដល់ពេលនេះ គឺទទួលបានប្លង់កម្មសិទ្ធិប្រើប្រាស់តាមតម្រូវការរបស់បងប្អូនប្រជាពលដ្ឋ ។

ក្នុងឱកាសនោះអភិបាលខេត្ត ក៏បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវត្រៀមឯកសារឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង