ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិឥណ្ឌូណេស៊ីម្នាក់ ទៅកាន់សាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ករណីរំលោភលើទំនុកចិត្ត

81

បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូណេស៊ីម្នាក់ លើករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូប៉ោយប៉ែតផាលេសផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមដើមបណ្តឹងឈ្មោះ SAHPUTRA ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថាជនសង្ស័យឈ្មោះ KELVIN HARDIANES ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងបន្តថា ជនសង្ស័យជាបុគ្គលិកខាងលេីបានលួចផ្ទេរប្រាក់ពីគណនេយ្យរបស់ក្រុមហ៊ុនម្តងបន្តិចៗ ទៅគណនេយ្យម្ដាយរបស់ខ្លួនជាបន្តបន្ទាប់ ក្រោយមកខាងក្រុមហ៊ុនក៏បានត្រួតពិនិត្យដឹង ហើយបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

បន្ទាប់ពីឃាត់ខ្លួន និងសួរនាំរួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាពលួចផ្ទេរប្រាក់របស់ក្រុមហ៊ុនតាំងពីអំឡុងខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ សរុបបានចំនួន៤០៩,០៩០បាត(បួនសែនប្រាំបួនពាន់កៅសិបបាត)។ ជាក់ស្តែងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ រូបគេបានលួចផ្ទេរប្រាក់ចេញពីក្រុមហ៊ុនចំនួន ៦៨,០០០(ប្រាំមួយម៉ឺនប្រាំបីពាន់)បាតទៀតពិតប្រាកដមែន។ ក្រោយឃើញពិរុទ្ធភាពនៃបទល្មើស កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់កងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង