ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក មានការថយចុះគួរឲ្យកត់សម្គាល់ដែលនេះ ជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀត ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០

44

 

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងវិស័យសុខាភិបាល តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ។ ក្នុងនោះ អត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក មានការថយចុះគួរឲ្យកត់សម្គាល់ដែលនេះ ជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀត ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

នេះបើតាមសាលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្នុងឱកាសខួបលើកទី៧៤ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣។

រយៈកាល៣ឆ្នាំកន្លងមកនេះ ដោយសារការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានអាក់ខានរៀបចំប្រារព្ធមីខ្ទីងអបអរសាទរដល់ក្មួយៗ ចៅៗ ប៉ុន្តែ រាជរដ្ឋាភិបាល មិនដែលបំភ្លេចថ្ងៃប្រវត្តិសាស្ត្រនេះទេ ដោយរាជរដ្ឋាភិបាលតែងតែផ្ញើសារនិងក្ដីនឹករលឹក ដល់ក្មួយៗ ចៅៗ តាមរយៈសារសំឡេងពុំដែលអាក់ខានឡើយ។ រាជរដ្ឋាភិបាលនៅតែចងចាំជានិច្ចថា ថ្ងៃ១ មិថុនា គឺជាសក្ខីកម្មនិងជាប្រវត្តិសាស្ត្រនៃការបង្ហាញអំពីឆន្ទៈនិងការប្ដេជ្ញាចិត្តយ៉ាងមោះមុតរួមគ្នាលើកកម្ពស់ ការអនុវត្តសិទ្ធិកុមារ និងលើកស្ទួយសុខុមាលភាពនិងឧត្តមប្រយោជន៍របស់កុមារ។
ទន្ទឹមនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និន្នាការនៃការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលត្រូវបានកើនឡើងគួរឱ្យកត់សម្គាល់ ស្របគ្នានេះដែរ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាក៏ត្រូវបានដាក់ចេញឱ្យអនុវត្ត។ ភាពជាពលរដ្ឋឌីជីថលត្រូវបានក្លាយជារបៀបវារៈដ៏ សំខាន់មួយពាក់ព័ន្ធនឹងកុមារ ដែលទិវាកុមារអន្តរជាតិនិងទិវាកុមារកម្ពុជាឆ្នាំនេះ ត្រូវបានរៀបចំប្រារព្ធឡើង ក្រោមប្រធានបទ “យើងរួមគ្នាថែរក្សាការពារនិងអភិវឌ្ឍកុមារគ្រប់រូបក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល
និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ “យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាដើម្បី បញ្ចប់ពលកម្មកុមារ” ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារនិងបង្ហាញអំពីការយកចិត្តទុកដាក់
របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធ ឌីជីថល ដោយជួយគាំទ្រដល់កុមាររងគ្រោះនិងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភ បំពាននានាតាមប្រព័ន្ធអនឡាញ ឱ្យបានទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដើម្បីឱ្យ
កុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។

កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងគ្រប់ដំណាក់កាល ទាំងអស់នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក “មនុស្ស” ជាវិស័យអាទិភាព ចម្បងបំផុត ហេតុនេះហើយការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជា គ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍកម្ពុជានាពេល អនាគត។ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងពេញលេញនិងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់ សិទ្ធិនិង ឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណ ភាពនិងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញនិង គោលការណ៍នីតិរដ្ឋ តាមរយៈការចូលរួមយ៉ាងសកម្ម ពេញលេញ និងស្មើភាពគ្នាក្នុងការអភិវឌ្ឍគ្រប់វិស័យនិង គ្រប់កម្រិត។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងវិស័យសុខាភិបាល តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា ទារក និង កុមារ។ ក្នុងនោះ អត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក មានការថយចុះ គួរឱ្យកត់សម្គាល់ ដែលនេះជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយ ចីរភាពឆ្នាំ២០៣០។ នៅក្នុងឆ្នាំ២០២២ កុមារប្រមាណ៩៤%នៃកុមារទាំងអស់ដែលមានអាយុ០-៤ឆ្នាំ មាន សំបុត្រកំណើត។
ភាគរយនេះគឺមានកម្រិតខ្ពស់បំផុតនៅរាជធានីភ្នំពេញប្រមាណជិត៩៤% នៅទីប្រជុំជន ផ្សេងៗមានជិត៩៧%និងនៅតំបន់ជនបទមានជិត៩៣%។ ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើន ការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ រួមទាំង វិធានការលើកកម្ពស់គុណភាព និងការឆ្លើយតបរបស់សេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់ លំដាប់ថ្នាក់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់បញ្ចូលនូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍ ទៅក្នុងកម្មវិធីសិក្សានិងប្រព័ន្ធអប់រំ ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់និងស្របទៅតាមបរិបទថ្មីន សាកលភាវូបនីយកម្ម។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិគាំពារ សង្គមនិងកំពុងជំរុញការអនុវត្តគោលនយោបាយនេះដល់ជនជាតិដើមភាគតិច ដើម្បីលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា។ ប្រព័ន្ធជំនួយសង្គមបានផ្ដល់ការគាំពារ ដល់ប្រជាជនដែលរស់នៅក្រោមនិងក្បែរបន្ទាត់នៃភាពក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ ដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និង អាហារូបត្ថម្ភដល់ស្រ្តីនិងកុមារ។ លើសពីនេះទៅទៀត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងកំលុងពេលមានសម្ពាធអតិផរណា គឺជាកម្មវិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពក្នុង ការកាត់បន្ថយភាពក្រីក្រ។
ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុត ជាមួយនឹងអត្រាកំណើនជាមធ្យមលើស៧%ក្នុងមួយឆ្នាំ។ សមិទ្ធផលនេះបានផ្លាស់ប្តូរកម្ពុជាពីប្រទេសដែល មានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ ហើយក៏បាននាំឱ្យ កម្ពុជាខិតកាន់តែជិតទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុង ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ កំណើនដ៏លឿននេះគឺជាការរួមចំណែក ពីវឌ្ឍនភាពនៃគ្រប់វិស័យទាំងអស់។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលបាននាំមកនូវកាលានុវត្តភាពការងារ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងបានលើកកម្ពស់គុណភាពជីវិត ការងារ បង្កើនទំនាក់ទំនង និង កិច្ចសហការល្អជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោកថែមទៀតផង។

ប៉ុន្តែទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនេះ ក៏មានលេចឡើងនូវបញ្ហាប្រឈមជាច្រើន ដូចជា ការចាប់ជំរិត ការជួញដូរខុសច្បាប់ ការកេងប្រវ័ញ្ច ការរំលោភបំពាន និងឧក្រិដ្ឋកម្មផ្សេងៗទៀត ជាពិសេស តាមប្រព័ន្ធអនឡាញដែលបានកើតមានឡើងនិងបានក្លាយជាបរិបទថ្មីមួយ ដែលអាចមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់ស្ត្រីនិងកុមារ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ហើយបញ្ហានេះបាននិងកំពុងរីករាលដាលនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ អ៊ុនធឺណិតនិងទំនើបកម្មនៃឧបករណ៍ឌីជីថល បានក្លាយជាមធ្យោបាយ ងាយស្រួលសម្រាប់ជនខិលខូចនៅទូទាំងពិភពលោកប្រើប្រាស់ ដើម្បីរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទ។
កុមារនិងយុវជនបានក្លាយជាគោលដៅរបស់ជនខិលខូចក្នុងការអូសទាញឱ្យប្រព្រឹត្តឬទទួលរងការកេងប្រវ័ញ្ច
និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។

ដោយមើលឃើញអំពីបញ្ហាប្រឈមនិងផលប៉ះពាល់ជាអវិជ្ជមានទាំងអស់នេះ ក្នុងបរិបទជាសាកល រាជរដ្ឋាភិបាលកម្ពុជាបានចូលជាភាគីហត្ថលេខីនៃសេចក្ដីថ្លែងការណ៍វីប្រូធិក(WePROTECT) នៅទីក្រុង
អាប៊ុយដាប៊ីនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមក្នុងឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការកេងប្រវ័ញ្ចនិង ការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ និងបានចូលរួមអនុម័តលើសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យរដ្ឋ ជាសមាជិកអាស៊ានទាំងអស់ប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ ដើម្បីការពារកុមារទាំងអស់នៅក្នុងអាស៊ានពី ការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបាត់អំពើហិង្សាលើកុមារ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យនានាចំពោះកុមារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ និង បានរៀបចំផែនការអនុវត្តជាពីរដំណាក់កាល ដែលបច្ចុប្បន្នយើងកំពុងអនុវត្តផែនការដំណាក់កាលទី១ ស្តីពី ប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៥។ ទន្ទឹមនេះ នៅក្នុងឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសិក្សាវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ តាមរយៈ
លទ្ធផលនៃការវិភាគ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានដាក់ចេញនូវផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ២០២១-២០២៥ ដែលជាផែនការពហុវិស័យ មានភាពប្រទាក់គ្នារវាងក្រសួង ស្ថាប័នដែលបំពេញការងារទាក់ទងនឹងកុមារ។ ក្នុងឆ្នាំ២០២៣នេះ ក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីកុមារក៏បានដាក់ចេញនូវគោលការណ៍ណែនាំថ្នាក់ជាតិ ស្ដីពីកិច្ចការពារកុមារតាមប្រព័ន្ធ
អនឡាញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនិងអភិក្រមបរិយាបន្នរួមមួយក្នុងការឆ្លើយតបចំពោះ
ការគំរាមកំហែងនិងគ្រោះថ្នាក់ដែលកុមារអាចជួបប្រទះនៅតាមប្រព័ន្ធអនឡាញ។ ក្នុងចក្ខុវិស័យការពារនិង លើកកម្ពស់ឧត្តមប្រយោជន៍របស់កុមារ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជាដែលជាលិខិត
បទដ្ឋានគតិយុត្តឆ្លើយតបប្រកបដោយបរិយាបន្នទៅលើគ្រប់បញ្ហារបស់កុមារផងដែរ។
ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុវត្ថិភាព របស់កុមារនៅលើប្រព័ន្ធអនឡាញនៅក្នុងក្របខ័ណ្ឌស្ដីពីសិទ្ធិកុមារ។ ទន្ទឹមនេះ ដើម្បីឆ្លើយតបទៅនឹងដំណើរការ នៃបដិវត្តន៍ឧស្សហកម្មជំនាន់ទី៤ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្សារភ្ជាប់វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចជាមួយវិស័យបច្ចេកវិទ្យាឌីជីថលថ្មីៗ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដែលមានសសរស្ដម្ភចំនួន៣ គឺ៖ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថលផងដែរ។ ក្នុងជំហានដំបូង រាជរដ្ឋាភិបាលបានផ្តើម កសាងរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញការចាប់យកការប្រើប្រាស់និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេដ្ឋកិច្ច និងសង្គមទាំងមូល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌអក្ខរកម្មឌីជីថលនិងភាពជា
ពលរដ្ឋឌីជីថលដែលផ្តោតជាសំខាន់លើជំនាញនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព។ ក្របខ័ណ្ឌ
អក្ខរកម្មឌីជីថលនេះ គឺជាមូលដ្ឋានសំខាន់មួយក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលនានាស្របទៅតាមបរិបទ សង្គមនិងសេដ្ឋកិច្ចឌីជីថល។
ជាមួយគ្នានេះដែរ ផ្អែកលើគោលការណ៍ណែនាំថ្នាក់ជាតិស្ដីពីកិច្ចការពារកុមារ តាមប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាន និងកំពុងរៀបចំគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារនៅកម្ពុជាតាមប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុន
ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលផងដែរ។

ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ “យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាដើម្បី បញ្ចប់ពលកម្មកុមារ” បង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារកុមារពីគ្រប់ទម្រង់នៃ ការកេងប្រវ័ញ្ចពលកម្មកុមារ ព្រមទាំងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យរួមគ្នាទប់ស្កាត់ការប្រើប្រាស់ពលកម្ម កុមារ ស្របតាមផែនការសកម្មភាពជាតិស្ដីពីការកាត់បន្ថយពលកម្មកុមារនិងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត
នៃពលកម្មកុមារ២០១៦-២០២៥ និងគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចីរភាព២០១៥-២០៣០។ ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំង បង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។ ”

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្នាក់រាជធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិ កុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិនិងអន្តរជាតិ។

ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន សូមធ្វើការអំពាវនាវដូចតទៅ៖
១- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារត្រូវបន្តការសម្របសម្រួលនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកិច្ចការពារកុមារ ជាអន្តរក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាពលើអនក្ខរកម្មបច្ចេកវិទ្យាពត៌មាន និងជំរុញលើកកម្ពស់ប្រជាជនកម្ពុជាឱ្យក្លាយជាប្រជាជនឌីជីថលជាពិសេសដែលមានសុវត្ថិភាពនិងឧត្តមប្រយោជន៍។
២- ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយនិងបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបទសង្គម តាមរយៈការទូន្មាន ប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារនិងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានលើ
កុមារគ្រប់រូបភាពតាមប្រព័ន្ធអនឡាញ ឱ្យបានសមស្របនិងទាន់ពេលវេលា។
៣- ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ត្រូវយកចិត្ត ទុកដាក់ពិគ្រោះយោបល់ជាមួយកុមាររាល់ពេលកសាងច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់ពួកគេ ជាពិសេស លើកកម្ពស់ ការអនុវត្តសិទ្ធិចូលរួមរបស់កុមារឱ្យមានភាពទូលំទូលាយ។
៤- លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញនិងភាពជាពលរដ្ឋឌីជីថលនិងពង្រឹង
ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះ ឱ្យមានប្រសិទ្ធភាព។
៥- ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀប ការពារ ប្រឆាំងនឹងការរំលោភបំពាន ការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់ បែបយ៉ាង និងត្រូវធ្វើឱ្យកុមារអាចយល់ដឹងអំពីវិធីរាយការណ៍ដល់អាជ្ញាធរឬមនុស្សពេញវ័យដែលជាអ្នកថែទាំ ពួកគេ ចំពោះការលោភបំពានតាមគ្រប់រូបភាព។
៦- ក្រសួង ស្ថាប័ន ត្រូវបន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារដើម្បីលុបបំបាត់គ្រប់ ទម្រង់នៃពលកម្មកុមារ ដោយលើកកម្ពស់ការយល់ដឹង បណ្ដុះបណ្តាល និងផ្សព្វផ្សាយអំពីការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ចនិងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ព្រមទាំង
កៀរគរធនធាននិងចលនាសាធារណជន ក្នុងការស្វែងរកដំណោះស្រាយសមស្របដើម្បីជួយសង្គ្រោះពលកម្ម
កុមារ។
៧- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងពលកម្មកុមារគ្រប់រូបភាព ជាពិសេស ពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារ អប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ។
៨- បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការ មិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីរួមចំណែកទប់ស្កាត់ការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង