ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានីភ្នំពេញ បោះឆ្នោត ជ្រើសរើសប្រធាន-អនុ ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ

56

 

ភ្នំពេញ៖ អនុវត្តតាមសេចក្ដីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីនីតិវិធីនៃការបោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើពិធីបោះឆ្នោត ជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកកើត ឆែ អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
នៅសាលារាជធានីភ្នំពេញ។

បេក្ខជនឈរឈ្មោះជាប្រធាន មានចំនួន៣រូប ក្នុងនោះមាន៖ ១ លោក សំ សេដ្ឋា ២ លោក ឡុង រស្មី ៣ លោក ហ៊ី សុខនី ។ ចំណែកបេក្ខជនឈរឈ្មោះជាអនុប្រធាន មានចំនួន៣រូបផងដែរ ក្នុងរួមមាន៖ ១ លោកស្រី ឈុន ដាលីន ២ លោក ហេង ម៉េងលី ៣ លោក ថេង បញ្ញាវុធ ។

ក្រោយការបោះឆ្នោត លោក សំ សេដ្ឋា បានជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ និងលោកស្រី ឈុន ដាលីន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ។

ក្រោយការបោះឆ្នោតនិងប្រកាសលទ្ធផលខាងលើ លោកម៉ប់ សារិន បានណែនាំអោយក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីអោយមានការប្រកាសជាផ្លូវការទៅតាមនីតិវិធីនៃច្បាប់។

យោងតាមសេចក្ដីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីនីតិវិធីនៃការបោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត បានកំណត់ថា៖ ការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ត្រូវធ្វើឡើងដាច់ដោយឡែកពីការ បោះឆ្នោតជ្រើសរើសអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ប៉ុន្តែអាចធ្វើឡើងក្នុងកិច្ចប្រជុំ ជាមួយគ្នាបាន ឬក៏កិច្ចប្រជុំដាច់ដោយឡែកពីគ្នា។ ការបោះឆ្នោតត្រូវធ្វើឡើងជាសម្ងាត់។

សមាជិកគណៈកម្មាធិការបោះឆ្នោតត្រូវទៅកាន់បន្ទប់បោះឆ្នោត ដើម្បីគូសសន្លឹកឆ្នោត ហើយសមាជិក ម្នាក់ៗមានសិទ្ធិគូសសញ្ញា(v) នៅលើសន្លឹកឆ្នោតត្រង់កូឡោន «បោះឆ្នោតគាំទ្រ» នៅជួរបន្ទាត់នៃ ឈ្មោះបេក្ខជន ដើម្បីជ្រើសរើសបេក្ខជនតែមួយប៉ុណ្ណោះដែលខ្លួនពេញចិត្ត៕

អត្ថបទដែលជាប់ទាក់ទង