ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អំពាវនាវដល់ក្រុមហ៊ុនដែលមានការរឹបអូសផ្ទះ ឬដាច់ប្រាក់ដែលអតិថិជនបានបង់ សូមក្រុមហ៊ុនធ្វើការពិនិត្យឡើងវិញដើម្បី ប្រគល់ប្រាក់ ឬសងលុយទៅអតិថិជនវិញ

45

ភ្នំពេញ៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ណែនាំក្រុមហ៊ុនដែលបានរឹបអូសផ្ទះ ឬដាច់ប្រាក់ដែលអតិថិជនបានបង់ សូមពិនិត្យឡើងវិញដើម្បីប្រគល់ប្រាក់ ឬសង់ទៅអតិថិជនវិញ ឬរកដំណោះស្រាយសមស្របណាមួយ។

អ្នកឧកញ៉ា លី ហួរ ប្រធាន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ចេញសេចក្តីអំពាវនាវដល់សមាជិក-សមាជិកាទាំងអស់ គាំទ្រតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី “ការផ្អាកបណ្ដោះអាសន្នការរឹបអូសផ្ទះរបស់អតិថិជនមិនទាន់បានបង់ប្រាក់ និងដោះស្រាយតាមនីតិវិធីដោយធ្វើឥណទានឡើងវិញ” ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាសូមចូល រួមគាំទ្រ និងអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ មានលំនៅឋាន រស់នៅសមរម្យ បានប្រកបអាជីវកម្មផ្សេងៗបន្តទៀត និងមាននិរន្តរភាព។

ជាមួយគ្នានេះដែរ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងចាត់ វិធានការបន្ទាន់ ដោយធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលជាសមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មេត្តាពិនិត្យលទ្ធភាព និងអនុវត្តន៍ដូចខាងក្រោម៖ ទី១. ធ្វើការសិក្សាលម្អិត និងឲ្យបានស៊ីជម្រៅពីស្ថានភាពអតិថិជនដែលមានបំណុល និងមានបញ្ហាលទ្ធភាពបង់ពិតប្រាកដ។

ទី២. ផ្ដល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌបង់ប្រាក់ និងផ្អាកការរឹបអូសផ្ទះអតិថិជនដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចផ្ទាល់ខ្លួន និង បញ្ហា ប្រឈមនានាពិតប្រាកដ។

ទី៣. ផ្ដល់ភាពទន់ភ្លន់ និងជួយសម្របសម្រួលជូនដល់អតិថិជនដែលជួបបញ្ហាប្រឈមបង់រំលស់ជាមួយក្រុមហ៊ុនបុរី និង រៀប ចំការធ្វើឥណទានឡើងវិញ។

ទី៤. ករណីក្រុមហ៊ុនដែលមានការរឹបអូសផ្ទះ ឬដាច់ប្រាក់ដែលអតិថិជនបានបង់ សូមក្រុមហ៊ុនធ្វើការពិនិត្យឡើងវិញដើម្បី ប្រគល់ប្រាក់ ឬសងលុយទៅអតិថិជនវិញ ឬរកដំណោះស្រាយសមរម្យណាមួយជូនអតិថិជន ដោយភាពទន់ភ្លន់។ ដើម្បីសម្រួលដល់ការអនុវត្តសេចក្តីអំពាវនាវខាងលើ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងរៀបចំយន្តការការងារ និង សហការជាមួយស្ថាប័ន្នដែលពាក់ព័ន្ធ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំលើស្ថានភាព លទ្ធភាពរបស់អតិថិជន និង ក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋាន ព្រមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលតាមការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង