ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណែទម្រង់ប្រាក់បៀវត្សរ៍មន្រ្តីរាជការ ជាសមិទ្ធផលមួយក្នុង ចំណោមសមិទ្ធផលជាច្រើនរបស់ក្រសួង

155


ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា នៅទីស្តីការក្រសួង លោក កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីសមិទ្ធផលការងារធំៗជាច្រើន ដែលក្រសួងសម្រេចបាន នៅក្នុងអាណត្តិទី៥ នៃរដ្ឋសភា។

សមិទ្ធផលធំៗដែល លោក រដ្ឋមន្រ្តី បានលើកឡើងនោះ មានដូចជា ការគ្រប់គ្រងមុខងារសាធារណៈ ការអនុវត្តកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ ការអភិវឌ្ឍធនធានមនុស្សក្នុងក្របខ័ណ្ឌ នៃការបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល ការអភិវឌ្ឍស្ថាប័ន ក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ ការត្រួតពិនិត្យ និងការគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយជាដើម។

លោក កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានសង្កត់ធ្ងន់ថា អ្វីដែលជាសមិទ្ធផលនោះ គឺក្រសួងបានអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា គឺការដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការ ស្របតាមស្ថានភាពកំណើនសេដ្ឋកិច្ច និងលទ្ធភាពទ្រទ្រង់បានថវិកាជាតិក្នុងន័យធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សមធម៌ ការបង្កើនផលិតភាព និងប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ ការធានាសង្គតិភាពរវាងក្របខណ្ឌមន្ត្រីរាជការស៊ីវិល​ និងកងកម្លាំងប្រដាប់អាវុធក្នុងដំណើរការនៃការកែទម្រង់ប្រព័ន្ធបៀវត្សរ៍។

សូមជម្រាបថា ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ នៅក្នុងវិស័យដែលគណៈកម្មការទទួលបន្ទុក ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះបានដឹកនាំ សមាជិកគណៈកម្មការចុះសិក្សាស្វែងយល់ពីការងាររបស់ក្រសួងមុខងារសាធារណៈនៅទីស្តីការក្រសួងផ្ទាល់តែម្តង។

នៅក្នុងជំនួបដដែលនោះ លោក រដ្ឋមន្ត្រីបានជម្រាបគណៈកម្មការរដ្ឋសភាបន្តទៀតថា ក្រសួងមុខងារសាធារណៈ និងក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្សរ៍បានសហការជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធរៀបចំនូវលិខិតបទដ្ឋានសំខាន់ៗ ដូចជា ព្រះរាជក្រឹត្យ អនុក្រឹត្យ និងសារាចរ ដើម្បីរៀបចំក្របខណ្ឌមន្ត្រីរាជការ ដំឡើងប្រាក់បំណាច់មុខងារ ដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋាន ក្នុងការពង្រឹងប្រសិទ្ធភាពការងារ បង្កើនផលិតភាព និងបង្កើនប្រាក់ចំណូលដល់មន្ត្រីរាជការ។

លោក រដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា ក្រុមការងារក៏បានរៀបចំបង្កើនប្រាក់បំណាច់មុខងារជូនមន្ត្រីនគរបាលជាតិ យោធិននៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីអនុរក្សពន្ធនាគារជាតិ ដើម្បីឱ្យសង្គតិភាពជាមួយមន្ត្រីរាជការស៊ីវិល។ ឯកឧត្តមបានបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ខាងមុខនេះ មន្ត្រីរាជការទាំងអស់នឹងបើកប្រាក់បៀវត្សរ៍២សប្តាហ៍ម្តង ក្នុងមួយខែ។

លោក ហ៊ុន ណេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន។ ប្រធានគណៈកម្មការជំនាញរដ្ឋសភាបានថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងមុខងារសាធារណៈ និងគណៈកម្មការរដ្ឋសភា ក្នុងអាណត្តិទី៥ កន្លងមក ហើយឯកឧត្តមសង្ឃឹមថា ក្នុងអាណត្តិថ្មីទី៦នេះ ក្រសួងនឹងសម្រេចបានលទ្ធផលបន្តបន្ទាប់ទៀតជូនជាតិ​ និងប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង