ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណី ជីកកកាយដីភ្នំដោយខុសច្បាប់

93


បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី ជីកកាយដីភ្នំដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅចំណុចភ្នំស្រេះ ស្ថិតនៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ២៥នាទី ។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឲ្យដឹងថា ៖ យោងករណីខាងលើ ជាបទល្មើសធនធានធម្មជាតិ ជាក់ស្តែង ដោយទទួលបានសំណើ សុំកិច្ចសហការរបស់មន្ទីររ៉ែ និងឋាមពលខេត្ត និងដោយទទួលបានការ សម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ១-ឈ្មោះ ឌួន ធឿន ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិស្តីលើ ឃុំគយម៉ែង ស្រុកមង្គលបូរី ២-ឈ្មោះ ផន ភា ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគោកស្វាយ ឃុំគុយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ តាមការបញ្ជាក់របស់មន្ត្រីមន្ទីររ៉ែ និងឋាមពល បានអោយដឹងថា ៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានជីកកកាយដីភ្នំម្តងរួចមកហើយ ពេលនោះមន្ត្រីជំនាញរ៉ែ និងឋាមពល បានចុះទៅដល់កន្លែង និងធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ បញ្ឈប់ការជីកកកាយដីភ្នំ ចាប់ពីពេលនោះមក តែជនសង្ស័យខាងលើ មិនព្រមអនុវត្តន៍តាមកិច្ចសន្យា នៅតែបន្តការជីកកកាយដីភ្នំបន្ថែមទៀត ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាព របស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ពេលខ្លួនកំពុងជីកកាយដីភ្នំ ឃើញមានមន្ត្រីរ៉ែ និងឋាមពល បានចុះមកធ្វើកិច្ចសន្យា បញ្ឈប់ការជីកកកាយដីភ្នំម្តងរួចមកហើយ តែថៅកែរបស់ខ្លួនមកប្រាប់ថា ឲ្យជីកកកាយដីបន្ត ព្រោះកំពុងរត់ការសុំច្បាប់ លុះដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក៏មានកម្លាំងអាវុធហត្ថចុះមកឃាត់ខ្លួនតែម្តង ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជីកកកាយដីភ្នំដោយខុសច្បាប់ បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង