ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណី ហឹង្សាដោយចេតនា និងបទផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ

71


បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា និងបទផលិត ឬចរាចរណ៍អាវុធ សម្រាប់ប្រហារផ្សេងៗ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ នៅចំណុចបរវេណកាស៊ីណូផ្កាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២ និង ៣០នាទី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ ដោយទទួលបានព័ត៌មាន អំពីករណីក្មេងទំនើង បង្កការអុកឡុកនៅចំណុចបរវេណកាស៊ីណូផ្កាយប្រាំ លោកបានធ្វើសេចក្តីរាយការណ៍ទៅ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំវិធានការអនុវត្តន៍ និងដោយទទួល បានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣នាក់ ១-ឈ្មោះ មាស សុភ័ក្ត្រ (ហៅ ចិន) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ ចិន ស័ក្ត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៣-ឈ្មោះ ញ៉ ឆារ៉ាន់ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរឹបអូសវត្ថុតាងរួមមាន ៖ -កាំភ្លើងខ្លីប្រើហ្គាស ១ដើម -កាំបិតផ្គាក់ដងឈើ ១ដើម -អង្រែបុកគ្រឿង ១ដើម -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ២កូនថង់តូច ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ៖ នៅវេលាម៉ោងប្រមាណ ២ ក្រុមខ្លួនមានគ្នាប្រមាណ ៤នាក់ បាននាំគ្នាដើរលេង លុះទៅដល់ចំណុចផ្សាររ៉ា ស្រាប់តែមានក្មេង ០១ក្រុមផ្សេងទៀតមកសំឡុត និងដេញវ៉ៃក្រុមខ្លួន ហើយក្រុមខ្លួនមានកំហឹង ជាខ្លាំងបាននាំគ្នាទៅផ្ទះ និងយកអាវុធរៀងៗខ្លួន ដើម្បីមកសងសឹក ជាមួយពួកក្មេងដែលដេញវ៉ៃពួកខ្លួននោះ លុះមកដល់ចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ក៏បានជួបក្រុមក្មេងដែលដេញវ៉ៃក្រុមខ្លួន ហើយក្រុមខ្លួនក៏បានដកកាំភ្លើងផ្ជង់ និយកកាំបិតដេញកាប់ក្មេងទាំងនោះ តែមិនបានបង្កឲ្យ មានរបួសស្នាមឡើយ ពេលកំពុងដេញកាប់គ្នា ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថ មកចាប់ឃាត់ខ្លួនតែម្តង ចំណែកគ្រឿងញៀន គឺក្រុមខ្លួនបានទិញពីជនមិនស្គាល់ឈ្មោះ ដើម្បីយកមកប្រើប្រាស់ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនា និងបទផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង