ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូសភាកម្ពុជា បានជម្រាបសហភាពអន្តរសភា ពីដំណើរប្រជាធិបតេយ្យ និងការរីកចម្រើន របស់កម្ពុជា

116


ហ្សឺណែវ ប្រទេសស្វីស៖ រដ្ឋសភាជាតិកម្ពុជា នៅថ្ងៃទី១៧ខែតុលានេះ បានផ្សាយថា ក្នុងនាមគណៈប្រតិភូសភាកម្ពុជា ជាផ្លូវការនិងពេញសិទ្ធិ ចូលរួមមហាសន្និបាតលើកទី១៣៩ ដែលកំពុងប្រព្រឹត្តធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានជម្រាបមហាសន្និបាតសហភាពអន្តរសភា ដែលហៅកាត់ថា IPU ពីការរីកចម្រើននិងដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុថា ដល់សមាជិក IPU បានដឹងកាន់តែច្បាស់។

លោកស្រី បានលើកឡើងថា ពីអតីតកាល កម្ពុជាត្រូវបានពិភពលោកស្គាល់ថា វាលពិឃាដ តែបច្ចុប្បន្នប្រទេសកម្ពុជា ត្រូវបានល្បីឈ្មោះថា ជាគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ជាងនេះទៀត ប្រទេសកម្ពុជាតែងតែបានស្វាគមន៍ភ្ញៀវទេសចរជាង៥លាននាក់ ជារៀងរាល់ឆ្នាំ និងមានកំណើនជាប្រចាំទៀតផង។ ប្រធានគណៈប្រតិភូសភាកម្ពុជា បានគូសបញ្ជាក់ថា កាលពីមុន ប្រទេសកម្ពុជាត្រូវបានគេដាក់ស្លាកឲ្យថា ជាប្រទេសមិនមានការអភិវឌ្ឍសេដ្ឋកិច្ចឡើយ តែឥឡូវនេះបែរជាគេ ទទួលស្គាល់ថា ជាប្រទេសមួយមានកំណើនសេដ្ឋកិច្ច លឿនបំផុតក្នុងពិភពលោក ហើយថ្មីៗនេះបានជាប់ចំណាត់ថ្នាក់ដោយជោគជ័យថា ជាប្រទេសមានកំណើនចំណូលទាបឋិតក្នុងអត្រាកំណើន ៧ភាគរយជាប្រចាំឆ្នាំ។

លោកស្រី ឃួន សុដារី បានមានប្រសាសន៍បន្តថា បន្ទាប់ពីបានបញ្ចប់សង្គ្រាមស៊ីវិលជាង៣ទស្សវត្យក្នុងឆ្នាំ១៩៩៨មក សិទ្ធិនយោបាយ សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ និងការពារយ៉ាងទូលំទូលាយព្រមទាំងជំរុញឥតឈប់ឈរ។ ប្រទេសកម្ពុជាជាប្រទេសដែលគោរពសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ហេតុដូច្នេះកម្ពុជា បានតាក់តែងដាក់បញ្ចូល សេចក្តីប្រកាសជាសកលនៃការគោរពសិទ្ធិក្នុងរដ្ឋធម្មនុញ្ញ។ ប្រទេសកម្ពុជាគឺជាកន្លែងមួយដែលសមាគមន៍ជាតិ និងអន្តរជាតិប្រមាណ៦០០០ បានចុះបញ្ជី ហើយនឹងមានអង្គការក្រៅរដ្ឋាភិបាលព្រមទាំង សហជីពចំនួន៤០០០ទៀត បើគិតមកដល់ខែឧសភា ឆ្នាំ២០១៨នេះ។ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង វាមានចំនួនតួលេខលើសលប់។ គណបក្សនយោបាយច្រើនកំពុងអនុវត្ត សកម្មភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងអនុលោមតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

“សន្តិភាពបើគ្មានការអភិវឌ្ឍគឺមិនអាចមានស្ថេភាពបានទេ។ ប្រទេសកម្ពុជាឥឡូវជាប្រទេសមួយ ដែលគោរពយ៉ាងមុតមាំ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលឱ្យប្រជាពលរដ្ឋជ្រើសរើសមេដឹកនាំរបស់ខ្លួនបាន។ យើងគឺជារដ្ឋអធិបតេយ្យ ឯករាជ្យ បូរណភាពដែនដីពេញលេញមួយ ដែលគ្រប់គ្រងដោយច្បាប់ ហើយនិយាយរួមគឺជានីតិរដ្ឋ”។ នេះជាការគូសបញ្ជាក់របស់ លោកស្រី ឃួន សុដារី។

សូមជម្រាបថា សហភាពអន្តរសភា ដែលហៅកាត់ថា IPU ជាអង្គការសភាដ៏ធំមួយ ដែលមានសភាមកពីប្រទេសនានាជុំវិញពិភពលោក ចំនួន១៧៣ ជាសមាជិក។ មហាសន្និបាតលើកទី១៣៩ របស់IPU នាឱកាសនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំរបស់សភាក្នុងការជម្រុញសន្តិភាព និងជម្រុញឱ្យមានការបង្កើតអ្វីថ្មីៗ(នវានុវត្តន៍)និងការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗនាយុគសម័យថ្មី”។

ជាតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាស្របច្បាប់ លោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា បានឡើងធ្វើបទអន្តរាគមន៍ទៅកាន់អង្គមហាសន្និបាត កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ។ ទាក់ទងនឹងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ ដែលកន្លងទៅថ្មីៗនេះវិញ លោកជំទាវប្រធានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានជម្រាប IPU ថា នៅក្នុងអំឡុងការបោះឆ្នោតជាសកលចុងក្រោយនេះ ក្នុងខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ ដែលបានប្រកួតប្រជែងដើម្បីអាសនៈសភា។ នេះគឺជាការបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា គណបក្សទាំង២០នេះ ជាតំណាងស្របច្បាប់នៃពហុគណបក្សនយោបាយដែលចូលរួម ក្នុងការបោះឆ្នោត ហើយបានឆ្លុះបញ្ចាំងនូវអ្វីដែលអ្នកសង្កេតការណ៍មួយចំនួនហៅថា ដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងស្ថេរភាពជាទូទៅនៅកម្ពុជា។ អ្នកចូលរួមបោះឆ្នោតជិត៧លាននាក់ បើគិតជាភាគរយ៨៣,០២ភាគរយ នៃអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប បានបោះឆ្នោតនិងបានធ្វើការជ្រើសរើសតាមបែបផែននយោបាយដោយសេរីរបស់ខ្លួន។

លោកស្រី បានមានប្រសាសន៍ថា នៅក្នុងការបោះឆ្នោតនោះ មានអ្នកសង្កេតការណ៍អន្តរជាតិចំនួន៥៣៩ មកពីប្រទេសជាង៥០ប្រទេស ក្នុងចំណោមនោះ មកពីស្ថាប័នអន្តរជាតិរួមមានៈ គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុបផ្នែកទំនាក់ទំនងអន្តរជាតិ ដើម្បីជាសាក្សីតាមដានពិនិត្យមើលលើការអនុវត្ត លទ្ធិប្រជាធិបតេយ្យពោរពេញដោយសន្តិវិធី ដែលជាឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ អ្នកចូលរួមបោះឆ្នោតសញ្ជាតិកម្ពុជា ជិត៧លាននាក់ បានជ្រើសរើសមេដឹកនាំតាមបំណងប្រាថ្នារបស់ពួកគាត់ គឺដើម្បីសន្តិភាព ស្ថេរភាព បន្តការអភិវឌ្ឍ និងភាពរុងរឿង។

លោកស្រីប្រធានគណៈប្រតិភូបានសង្កត់ធ្ងន់ថា គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍគឺគ្មានសន្តិភាព។ សភាកម្ពុជាមានជំហរជាស្រេច ដើម្បីបំពេញការងារបន្ថែមលើក្របខណ្ឌច្បាប់ និងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញឱ្យទទួលបានសន្តិភាព និងការអភិវឌ្ឍប្រកបដោយជោគជ័យ ក្នុងយុគសម័យការបង្កើតនូវអ្វីថ្មីៗ(នវានុវត្តន៍ភាព) និងផ្លាស់ប្តូរបច្ចេកវិទ្យា។

ទាក់ទងនឹងប្រធានបទនៃមហាសន្និបាតសហភាពអន្តរសភានាឱកាសនេះ លោកស្រី ឃួន សុដារី បានគូសបញ្ជាក់ថា លោកស្រី ពិតជាពេញចិត្តណាស់ ដែលថាមហាសន្និបាតអាយភីយូ នាពេលនេះបានសម្រេចជ្រើសរើសមូលបទសម្រាប់ឆ្នាំនេះគឺ ភាពជាអ្នកដឹកនាំរបស់សភាក្នុងការជម្រុញសន្តិភាព និងជម្រុញឱ្យមានការបង្កើតនូវអ្វីថ្មីៗ(នវានុវត្តន៍) និងការផ្លាស់ប្តូរបច្ចេកវិទ្យាក្នុងយុគសម័យថ្មី។ មូលបទនេះមិនត្រឹមតែសំដៅលើកកម្ពស់សន្តិភាព និងការអភិវឌ្ឃ ដែលពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់នៃសកលលោកប៉ុណ្ណោះទេ ថែមទាំងជំរុញសន្តិភាព និងជំរុញឲ្យមាននវានុវត្តន៍ភាព និងការផ្លាស់ប្តូរបច្ចេកវិទ្យានាយុគសម័យថ្មីដែលជាភាពទាន់ពេល និងទាន់សម័យផងដែរ។ ភាពទាន់ពេល និងទាន់សម័យទាំងពីរនេះ ប្រាកដជាប្រធានបទមួយដែលគួរឱ្យចាប់អារម្មណ៍ និងជាហេតុមួយសម្រាប់ការពិភាក្សាចំណោមសមាជិកអាយភីយូទាំងអស់។

សូមជម្រាបផងដែរថា សមាសភាពគណៈប្រតិភូសភាកម្ពុជា ដែលចូលរួមមហាសន្និបាតលើកទី១៣៩ នៃសហភាពអន្តរសភា (IPU) ដែលដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភានេះ រួមមានលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការនិងព័ត៌មាន នៃរដ្ឋសភា។ លោក យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។ លោកស្រី បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា លោក សុខ សូកាន អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរនីយកម្ម និងសំណង់ នៃរដ្ឋសភា និងលោកស្រី កុប ម៉ារីយ៉ាស សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការនិងព័ត៌មាន នៃរដ្ឋសភា។

គណៈប្រតិភូសភាកម្ពុជានឹងចូលរួមមហាសន្និបាតលើកទី១៣៩ នៃសហភាពអន្តរសភានេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ទើបធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ ដោយនៅក្នុងឱកាសនោះ គណៈប្រតិភូសភាកម្ពុជា នឹងចូលរួមកិច្ចប្រជុំជាច្រើន នៃវេទិកាសភានេះ ហើយលោកស្រី ឃួន សុដារី គ្រោងនឹងជួបពិភាក្សាទ្វេភាគី ជាមួយលោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន ប្រធានសហភាពអន្តរសភា(IPU) ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង